ក្រសួងអប់រំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «កម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន»ដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំនៃវិទ្យាល័យគោលដៅ
AKP ភ្នំពេញ ថ្ងៃទី0២ ខែមេសា ឆ្នាំ២០២៦--ក្នុងគោលបំណងពង្រឹងសមត្ថភាពពេញលេញដល់ប្រតិបត្តិករនៅតាមសាលារៀន នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រពីគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី១ ស្ដីពី«កម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន» ជូនដល់គណៈគ្រប់គ្រងសាលារៀន និងបុគ្គលិកអប់រំមកពីវិទ្យាល័យគោលដៅក្នុងគម្រោងចំនួន៧៥នាក់។

ថ្លែងបើកវគ្គបណ្តុះបណ្តាលដែលបានប្រារព្ធឡើងនៅសាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំនៃវិទ្យាល័យគោលដៅលើផ្នែកទ្រឹស្តី ការដឹកនាំយន្តការបច្ចេកទេស និងសកម្មភាពការងារនានាក្នុងដំណើរការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងក្របខណ្ឌគម្រោង STEP UP ក្នុងគោលបំណងពង្រឹងសមត្ថភាពពេញលេញដល់ប្រតិបត្តិករនៅតាមសាលារៀន។

ឯកឧត្តមអនុរដ្ឋលេខាធិការបានរំលឹកពីភាពចាំបាច់ ដែលគណៈគ្រប់គ្រងសាលារៀនត្រូវតម្កល់ផលប្រយោជន៍របស់អង្គភាពជាសំខាន់ និងទំនួលខុសត្រូវក្នុងការបែងចែកការងារជូនបុគ្គលិកទៅតាមសមត្ថភាពជំនាញដោយសមធម៌ ព្រមទាំងបានផ្ដល់នូវសារទាក់ទងនឹងការងារបច្ចេកទេសចំនួន៥ចំណុច រួមមាន៖ ១. ជួយសិស្សឱ្យចេះសម្រេចចិត្តដោយប្រើប្រាស់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដូចជាការស្គាល់ខ្លួនឯង យន្តការអនុវត្តគន្លងអប់រំថ្មី ព័ត៌មានជំនាញសិក្សា និងទីផ្សារការងារជាដើម ដើម្បីសិស្សមានមូលដ្ឋានក្នុងការសម្រេចចិត្តជ្រើសរើសគន្លងអប់រំ និងជំនាញសិក្សាបានត្រឹមត្រូវ។ ២. ណែនាំសិស្សឱ្យយល់ដឹងអំពីគោលការណ៍ផ្ដោតលើសមត្ថភាព ជំនាញ និងកម្រិតអប់រំ ដែលស្របតាមលក្ខខណ្ឌទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត។

៣. ផ្សារភ្ជាប់ការបង្រៀនដោយប្រើ ICT ក្នុងគោលដៅតម្រង់ទិសសិស្ស ដូចជាតេស្ដវាយតម្លៃអនឡាញ កម្មវិធីត្រីវិស័យ ការផ្ដល់ប្រឹក្សាអនឡាញជាដើម។ ៤. កៀរគរការចូលរួមពីសហគមន៍ គ្រឹះស្ថានឧត្តមសិក្សា និងបណ្ដុះបណ្ដាលជំនាញ រួមទាំងក្រុមហ៊ុន សហគ្រាស ដើម្បីរៀបចំសកម្មភាពភាពជាដៃគូរដ្ឋ និងឯកជនក្នុងសាលារៀនដូចជា ទស្សនកិច្ចសិក្សាពីរូបភាពការងារ ការចែករំលែកបទពិសោធន៍ការងារដោយអ្នកជំនាញ ការចុះជួយណែនាំជំនាញដល់សិស្ស ឬគ្រូបង្រៀន និងកម្មវិធីពិព័រណ៍ការងារខ្នាតតូចនៅក្នុងសាលារៀនជាដើម និង ៥. បន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ដោយផ្ដើមពីការស្វែងយល់ពីគោលនយោបាយថ្នាក់ជាតិ និងក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដូចជា គោលនយោបាយអប់រំបច្ចេកទេស គោលនយោបាយមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា គោលនយោបាយជាតិឧស្សាហកម្ម រួមទាំងគោលនយោបាយ និងព័ត៌មានពាក់ព័ន្ធផ្សេងៗ ដែលគាំទ្រដល់ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សា៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





