អ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរាកំពុងធ្វើការស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅ
AKP ភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦--គោកព្នៅជាបណ្តុំទីទួលមនុស្សរស់នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប ប្រហែល៥០០ម៉ែត្រ។ នៅតាមទួលមួយចំនួននៅគោកព្នៅ មានអំបែងភាជន៍ ដុំដីដុត និងដុំឥដ្ឋដុតនៅរាយប៉ាយពីលើជាច្រើន។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦នេះថា តាមរយៈការសិក្សាពីអំបែងភាជន៍ទាំងនោះបានបង្ហាញថា មានខ្លះជាភាជន៍ប្រើប្រចាំថ្ងៃមានដូចជា ឆ្នាំងដី ក្អម ផើង។ល។ ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ដែលគ្មានស្រទាប់រលោង និងខ្លះមានស្រទាប់រលោង។ 
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា គោកព្នៅ ជាសហគមន៍ស្មូនដូចការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវមួយចំនួន ទើបនៅឆ្នាំ២០២៥ ផ្នែកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបានជ្រើសរើសយកទួលត្រពាំងថ្មអណ្ដែត ធ្វើកំណាយស្រាវជ្រាវ។ ក្រៅពីនេះ ដើម្បីប្រមូលទិន្នន័យបន្ថែមទៀត នៅឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវបានជ្រើសរើសទួលមួយដែលនៅខាងត្បូងឡថ្មត្រពាំងអណ្តែតសម្រាប់ធ្វើកំណាយ។ 
លោក ឆាយ រចនា ប្រធានការិយាល័យនៃនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយបានបង្ហាញពីលទ្ធផលស្រាវជ្រាវដែលទទួលបានក្នុងពេលថ្មីៗនេះថា ក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមឡក្នុដំណាក់កាលដំបូង គឺរចនាសម្ព័ន្ធឡទាំងមូលធ្វើដីឥដ្ឋ។ ចំណែករចនាសម្ពន្ធឡចុងក្រោយដូចដែលយើងបានឃើញនេះ គឺធ្វើពីឥដ្ឋដុត ហើយឡដែលទើបបានរកឃើញថ្មីៗនេះទំនងជារចនាសម្ព័ន្ធឡចុងក្រោយ មុនពេលដែលសហគមន៍ស្មូនបានបោះបង់ចោល។ 
លោក ពិទូ ភិរម្យ បុរាណវិទូបានឱ្យដឹងថា កាសាងសង់ឡនៅទួលនេះ មានការវិវត្តខុសប្លែកពីឡផ្សេងៗ ដោយសាររចនាសម្ព័ន្ធឡនេះមានកម្រាល និងជញ្ជាំងធ្វើពីឥដ្ឋ។ តាមរយៈស្លាកស្នាមដែលនៅសេសសល់ យើងអាចសន្និដ្ឋានបានថា ឡមានទំហំប្រមាណ១.៨០ម៉ែត្រ ហើយអាចមានកម្ពស់ប្រវែង១.៨០ម៉ែត្រទៅ២ម៉ែត្រ និងមានបំពង់ផ្សែងនៅលើដំបូល។ លោក ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា រចនាសម្ព័ន្ធឡគឺជញ្ជាំងធ្វើពីដីឥដ្ឋដុត មានរន្ធខ្យល់តាមទិសចំនួន៤ មានគុកដុតភ្លើងចំនួន៤នៅតាមជ្រុង។ ផ្នែកកណ្តាលនៃតួឡមានជើងទម្ររាងជើងក្អែក និងគុកដុតដាក់ភាជន៍។ ក្រុមអ្នកស្រាវជ្រាវបានយកសំណាកធ្យូង និងបំណែកកុលាលភាជន៍មួយចំនួនចេញពីឡនេះសម្រាប់វិភាគស្វែងរកអាយុកាល។
ដោយឡែកទាក់ទងនឹងការស្វែងយល់ពីការលើកទួល និងកន្លែងស្មូនចោលអំបែងភាជន៍ និងសំណល់ឡ។ល។ លោក ញឹម ស៊ីដេត បុរាណវិទូ បានបង្ហាញថា ស្រទាប់ដីនីមួយៗក្នុងរណ្តៅកំណាយនៅក្បែរបរិវេណតួឡ គឺមានអំបែងភាជន៍ជាច្រើនប្រភេទ។ អំបែងភាជន៍ទាំងនោះមានជាភាជន៍ប្រើប្រចាំថ្ងៃ ដូចជា អំបែងឆ្នាំងដី ក្អម ផើង ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ហើយគ្មានស្រទាប់រលោង។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ចំពោះកាលបរិច្ឆេទនៃឡនេះ ក្រុមអ្នកស្រាវជ្រាវពុំទាន់អាចកំណត់បាននៅឡើយទេ។ ប៉ុន្តែបើយើងប្រៀបធៀបជាមួយលទ្ធផលដែលទទួលបានពីការវិភាគលើសំណាកធ្យូងដែលយកពីស្រទាប់ដីដែលនៅសល់រចនាសម្ព័ន្ធឡដុតភាជន៍ខ្លះៗពីរណ្តៅកំណាយមួយចំនួនដែលបានធ្វើដោយគម្រោង Greater Angkor Project នៅឆ្នាំ២០១១ បានបង្ហាញថា ស្រទាប់ដីនោះ មានអាយុកាលចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២។ ដូច្នេះយើងអាចសន្និដ្ឋានជាបឋមបានថា ឡត្រពាំងថ្មអណ្តែត និងឡដែលទើបរកឃើញនេះ អាចចាប់ដំណើរការផលិតចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២៕
ដោយ មករា





