សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនរបស់សមាគមជប៉ុន-កម្ពុជាដែលបន្តទាក់ទាញវិនិយោគិនជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនរបស់សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដែលតាំងពីចាប់ផ្ដើមបង្កើតនៅកម្ពុជា បានទាក់ទាញអ្នកវិនិយោគពីប្រទេសជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកប្រធានសមាគមជប៉ុន-កម្ពុជា និងសហការីក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមជប៉ុន-កម្ពុជាដែលបានទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្ដមប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបឯកឧត្ដម និងសហការីបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្ដមបានសម្ដែងនូវក្ដីរីករាយ និងកោតសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ឯកឧត្ដមបានលើកឡើងថា រូបឯកឧត្ដម និងសហការី នៅពេលដែលមកដល់ប្រទេសកម្ពុជាម្ដងៗ តែងតែឃើញនូវភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់របស់កម្ពុជា។

ឯកឧត្ដមមានមោទនភាព ដែលរូបឯកឧត្ដមផ្ទាល់ និងសហការីបានចូលរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ឯកឧត្ដមប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពោល គឺសក្ដានុពលនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលជាចំណុចស្នូលដែលសមាគមជប៉ុន-កម្ពុជា ចាប់អារម្មណ៍ ហើយសមាគមរបស់ឯកឧត្ដម ក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើន។ ទន្ទឹមនេះ ប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានកោតសរសើរចំពោះសក្ដានុពលធនធានធម្មជាតិរបស់កម្ពុជា ដែលឯកឧត្ដមបានលើកឡើងថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ដូច្នេះបូកបញ្ចូលគ្នាទៅអាចនាំឱ្យកម្ពុជា អាចបង្កើតបាននូវផលិតផលជាច្រើនទៀតដើម្បីនាំចេញទៅក្រៅប្រទេស។
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការរីករាយចំពោះការលើកឡើងរបស់ឯកឧត្ដមប្រធានសមាគមជប៉ុន-កម្ពុជា ហើយសម្ដេចក៏បានពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនរបស់សមាគមតាំងពីចាប់ផ្ដើមបង្កើតនៅកម្ពុជា ដោយបានទាក់ទាញអ្នកវិនិយោគពីប្រទេសជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។ សម្ដេចតេជោបានលើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាលជប៉ុនក៏បានខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយដល់កម្ពុជាបានយ៉ាងច្រើនផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានលើកឡើងអំពីការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម ដោយសម្ដេចបង្ហាញនូវការពេញចិត្ត ដោយសម្ដេចបញ្ជាក់ថា តាំងពីសម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺបានផ្ដោតសំខាន់ចំពោះការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យមនេះ ។
សម្ដេចតេជោប្រមុខរដ្ឋស្តីទីជំរុញឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ពីព្រោះសម្ដេចបានចាត់ទុកសហគ្រាសខ្នាតតូច និងមក៏បានធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕
ដោយ៖ ជឹម ណារី





