មូលនិធិអភិវឌ្ឍន៍ជំនាញ SDF គាំទ្រលើការបណ្ដុះបណ្ដាល ដល់ SMEs ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតទៅជាផលិតផលថ្មីប្រកបដោយនវានុវត្តន៍ ដែលមានសក្ដានុពលខ្ពស់ក្នុងទីផ្សារ
AKP ភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦--បើប្រភពពីមូលនិធិអភិវឌ្ឍន៍ជំនាញ SDF បានឱ្យដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះថា ស្ថាប័ន្តរបស់ខ្លួនបាន“ផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមដែលមាននវានុវត្តន៍ ទៅកាន់ស្ថាប័នដៃគូគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម” ។

បន្ទាប់ពីបានផ្ដល់ការគាំទ្រលើការបណ្ដុះបណ្ដាល និងការបង្វឹកយ៉ាងដិតដល់អស់រយៈពេលជាង ១០ខែកន្លងមកនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម SMEs ក្នុងវិស័យទេសចរណ៍ កសិកម្ម និងសិប្បកម្ម បានប្រែក្លាយគំនិតច្នៃប្រឌិតទៅជាផលិតផលថ្មីប្រកបដោយនវានុវត្តន៍ ដែលមានសក្ដានុពលខ្ពស់ក្នុងទីផ្សារ។ ជាជំហានបន្ទាប់ ដើម្បីជំរុញឱ្យម្ចាស់ SMEs ក្នុងការពង្រឹង និងពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើន មូលនិធិអភិវឌ្ឍន៍ជំនាញ SDF បានរៀបចំ “កិច្ចប្រជុំតភ្ជាប់បណ្តាញ និងពិភាក្សាពីផែនការអភិវឌ្ឍផលិតផលថ្មី និងសំណើរជំនួយគាំទ្របន្ត” ក្នុងគោលបំណងផ្ដល់ឱកាសដល់ម្ចាស់ SMEs ក្នុងការជួបពិភាក្សា និងផ្សារភ្ជាប់ផ្ទាល់ជាមួយស្ថាប័នដៃគូយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ទី១ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គាំទ្រដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ទាំងជំនាញបច្ចេកទេស និងជំនាញទន់ ដល់បុគ្គលិក ថ្នាក់ដឹកនាំ និងម្ចាស់ SMEs។ ទី២ សហគ្រិនខ្មែរ Khmer Enterprise ផ្ដល់កញ្ចប់ជំនួយសម្រាប់ម្ចាស់ SMEs ការតភ្ជាប់បណ្ដាញអាជីវកម្ម និងការបើកឱកាសទីផ្សារឱ្យកាន់តែទូលំទូលាយ។ ទី៣ SME Bank of Cambodia (ធនាគារ SME) ផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាប សម្រាប់ SMEs ក្នុងវិស័យអាទិភាព។ ទី៤ សាជីវកម្មធានាឥណទានកម្ពុជា Credit Guarantee Corporation of Cambodia៖ ផ្តល់ការធានាលើឥណទានដល់ SMEs ដែលខ្វះខាតទ្រព្យបញ្ចាំនៅពេលស្នើសុំកម្ចី។
មូលនិធិអភិវឌ្ឍន៍ជំនាញ SDF និងដៃគូពាក់ព័ន្ធនឹងបន្តជំរុញនវានុវត្តន៍ និងពង្រឹងសមត្ថភាពរបស់ SMEs ក្នុងស្រុក ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង និងបង្កើនការផលិតក្នុងស្រុក ជាពិសេសផលិតផលថ្មីៗដែលមានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងជាមួយផលិតផលនាំចូល និងមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ៕
ដោយ ណយ នឿន (ប្រភព៖មូលនិធិអភិវឌ្ឍន៍ជំនាញ)





