រដ្ឋបាលខេត្តព្រះវិហាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា
AKP ព្រះវិហារ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អភិបាលរងខេត្តព្រមទាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុងស្រុកទាំងប្រាំបី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

ឯកឧត្តម គីម រិទ្ធី បានឲ្យដឹងថា ដោយមានការតម្រង់ទិសចង្អុលបង្ហាញពីឯកឧត្តមប្រធាន ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងការងារទប់ស្កាត់បោសសំអាតបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រេចបានលទ្ធផល និងចំនុចខ្លាំងជាច្រើនគួរឲ្យកត់សម្គាល់។ ឯកឧត្តមបានបន្តទៀតថា នៅក្នុងភូមិសាស្ត្រខេត្តមានអាគារកាស៊ីណូនៅជាប់ព្រំដែនចំនួន២ទីតាំង ដែលមិនមានដំណើរការសហកម្មភាពទេ រួមមានទីតាំងទីមួយរបស់ក្រុមហ៊ុនទីភាពដែលមិនទាន់បានដំណើរការមានទីតាំងស្ថិតនៅតំបន់ច្រកទ្វារអន្តរជាតិអានសេះ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត បច្ចុប្បន្នទីតាំងនេះត្រូវបានកងទ័ពថៃហ៊ុព័ទ្ធយកដោយខុសច្បាប់ទីតាំងទីពីរ របស់ក្រុមហ៊ុនស៊ីយឿនសុវណ្ណមានទីតាំងជាប់នឹងព្រំដែននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងភូមិកំពង់ស្រឡៅពីរ ឃុំកំពង់ស្រឡៅ ស្រុកឆែប ដែលបានបិទមិនដំណើរការ ។

ឯកឧត្តម អ៊ុ ម៉ារ៉ា បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវបន្តជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាណែនាំអំពីល្បិចកលនិងវិធីការពារខ្លួនដល់សាធារណៈជន ជាពិសេសយុវជនឲ្យបានទូលំទូលាយ ។កម្លាំងនគរបាលជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវសហការគ្នាឲ្យបានល្អក្នុងការបែងចែកការងារទទួលខុសត្រូវដើម្បីគ្រប់គ្រងកំណត់ និងត្រួតពិនិត្យទីតាំងសង្ស័យតាមសណ្ឋាគារផ្ទះសំណាក់ឬទីតាំងផ្សេងៗទៀតក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ៕


ដោយ ទិត ស្រ៊





