គ្រួសាររងគ្រោះដោយអគ្គីភ័យ ១គ្រួសារនៅឃុំព្រែកតានង់ ស្រុកកោះសូទិន ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
AKP កំពង់ចាម ថ្ងៃ០១ ខែមេសា ឆ្នាំ២០២៦ -- គ្រួសាររងគ្រោះដោយអគ្គីភ័យមួយគ្រួសារ នៅឃុំព្រែកតានង់ ស្រុកកោះសូទិន ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នេះ តាមរយៈឯកឧត្តម ទូច ឆៃ នាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តនោះ ឯកឧត្តម ទូច ឆៃ នាយកសាខា បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្ត ពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះជាយថាហេតុណាមួយ ដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ និងបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានាជាយថាហេតុណាមួយ ពិសេសចំពោះគ្រោះអគ្គីភ័យ ដែលរដូវនេះជារដូវក្តៅ និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួនឱ្យមានសុខភាពល្អ។


អំណោយមនុស្សធម៌ ដែលកាកបាទក្រហមខេត្តនាំយកទៅជូនគ្រួសាររងគ្រោនោះរួមមានអង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ មី ២កេស តង់ធំ២ ឃីត២ (មុង ភួយ សារុង ក្រម៉ា) សម្ភារៈដំណេក សម្ភារៈផ្ទះបាយ និងថវិកាចំនួន ១.០០០.០០០រៀល។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៥:១៥នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះអគ្គិភ័យបណ្តាលឱ្យផ្ទះមួយខ្នងទំហំ ៦ម × ៨ម ត្រូវភ្លើងឆេះស្ទើរទាំងស្រុង ដែលម្ចាស់ផ្ទះនោះឈ្មោះ ហ៊ុល នាង ភេទស្រី អាយុ ៧៩ឆ្នាំ៕

ដោយ៖ ឆាយ ម៉ុត





