អភិបាលខេត្តកំពង់ធំជួបសំណេះសំណាលជាមួយគ្រួសារយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី
AKP កំពង់ធំ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ និងថវិកា ជូនដល់ក្រុមគ្រួសារយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយកន្លងទៅនេះឯកឧត្តម និងលោកជំទាវ បានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងបេសកកម្មការពារបូរណភាពទឹកដី ក៏ដូចជាការបំពេញភារកិច្ចក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ដោយឡែក នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់នៅពេលខាងមុខនេះឯកឧត្តម បានជួយឧបត្ថម្ភបន្ថែមទៀត ដល់ក្រុមគ្រួសារយោធិនមួយចំនួន នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងវរសេនាតូចចំណុះទាំងពីរ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល។

ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានគោរពបទបញ្ជា និងវិន័យយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងពេលដែលពួកទាហានថៃចូលឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់។ ជាមួយគ្នានេះដែរ កងកម្លាំងនៅខាងក្រោយបានខិតខំយ៉ាងសកម្ម ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទនៈ។

ឯកឧត្តម នួន ផារ័ត្ន បានផ្សព្វផ្សាយសភាពការណ៍មួយចំនួនស្ដីពីសភាពការណ៍ទូទៅនៅតាមព្រំដែនកម្ពុជា-ថៃ និងវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការតស៊ូ ទាំងវិស័យយោធា ក្នុងភារកិច្ចការពារបូរណភាពទឹកដីមិនឱ្យមានការបាត់បង់។

ទាំងវិស័យនយោបាយការទូត និងវិធានការនានាតាមផ្លូវច្បាប់ ដើម្បីសន្តិភាពយូរអង្វែង។ ដូច្នេះយោធិនគ្រប់រូប និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ស៊ុម វណ្ណា





