អភិបាលខេត្តកំពង់ចាមនាំយកអំណោយសប្បុរសធម៌ចែកជូនបងប្អូនជនភៀសសឹកក្នុងខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូអមដំណើរ នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តឧត្តមគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនៃបេសកកម្មមនុស្សធម៌នេះ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមជាមួយមន្ត្រីរាជការ និងកងកម្លាំង បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូខេត្តកំពង់ចាម។

ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាព ក្នុងស្មារតី សាមគ្គីភាព និងការចែករំលែក ដើម្បីជួយសម្រាលការលំបាកក្នុងកាលៈទេសៈនេះ។ ឯកឧត្ដម សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពទាំងអស់ ចូលថែរក្សាសុខភាព ដោយរស់នៅស្អាតនិងមានអនាម័យល្អ៕


ដោយ ទិត ស្រ៊





