តម្លៃប្រេងសាំង ៥.០០០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូត ៧.២០០រៀល/លីត្រ សម្រាប់លក់លើទីផ្សារចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ -- ប្រេងសាំងមានតម្លៃ ៥.០០០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៧.២០០រៀល/លីត្រ សម្រាប់លក់លើទីផ្សារចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ រហូតដល់ថ្ងៃមានការជូនដំំងបន្ទាប់។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ យោងប្រកាសអន្តរក្រសួងលេខ០០៨៣ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

យោងលើការព្រមព្រៀង ស្តីពីរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ រាជរដ្ឋាភិបាល បាន ១.បន្តបញ្ចុះ ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ។ ២.បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល។ ៣.ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤.ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងបញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦%។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺ ៥.០០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៧.២០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕


ដោយ៖ សួស សំរិត





