សាកលវិទ្យាល័យក្វាងស៊ីប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីភ្ជាប់គម្លាតការថែទាំសុខភាពជាមួយបណ្តាប្រទេសអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- វិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) វេជ្ជសាស្ត្រក្វាងស៊ី ទើបតែបានបើកដំណើរការនៅទីក្រុងណាននីង ដែលបម្រើជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ «AI + ការថែទាំសុខភាព» សម្រាប់ប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន។ ដោយប្រើប្រាស់ទីតាំងពិសេស និងទិន្នន័យគ្លីនិករបស់ក្វាងស៊ីដែលឆ្លុះបញ្ចាំងពីទម្រង់សុខភាពអាស៊ីអាគ្នេយ៍ វិទ្យាស្ថាននេះសម្របក្បួនដោះស្រាយកម្រិតខ្ពស់ពីទីក្រុងនានា ដូចជាទីក្រុងប៉េកាំងជាដើម ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ចំណុចលេចធ្លោនៃការបើកដំណើរការ គឺរូបតំណាងឌីជីថលដែលស្ទាត់ជំនាញភាសាវៀតណាម ដែលបង្ហាញពីការផ្តោតអារម្មណ៍របស់វិទ្យាស្ថានលើការបំបែករបាំងភាសានៅក្នុងវិស័យទូរគមនាគមន៍វេជ្ជសាស្ត្រក្នុងតំបន់។
គម្រោងសំខាន់មួយ គឺ «ការពិភាក្សាអំពីប្រព័ន្ធទឹកនោម» តំណាងឱ្យ AI វេជ្ជសាស្ត្រអន្តរកម្មដំបូងគេរបស់ពិភពលោកដែលមានជំនាញខាងប្រព័ន្ធទឹកនោម ដោយប្រើប្រាស់ភាសាចិនកុកងឺ អង់គ្លេស និងវៀតណាម ជាមួយនឹងភាសាក្នុងតំបន់ជាច្រើនទៀតដូចជាភាសាថៃ និងភាសាខ្មែរដែលកំពុងអភិវឌ្ឍន៍។ ប្រព័ន្ធនេះដោះស្រាយគម្លាតនៃការថែទាំសុខភាពដោយអនុញ្ញាតឱ្យអ្នកឯកទេសទំនាក់ទំនងជាមួយអ្នកជំងឺជនបទដោយគ្មានអ្នកបកប្រែជាមនុស្ស។ លើសពីនេះ វិទ្យាស្ថានកំពុងធ្វើឌីជីថលវេជ្ជសាស្ត្របុរាណចិន ដោយប្រើប្រាស់ AI ដើម្បីធ្វើស្វ័យប្រវត្តិកម្មវិធីសាស្ត្រវិនិច្ឆ័យបែបប្រពៃណីតាមរយៈចក្ខុវិស័យកុំព្យូទ័រ និងការធ្វើគំរូទិន្នន័យ។
វិទ្យាស្ថានក៏កំពុងដាក់ពង្រាយឧបករណ៍សន្សំសំចៃមួយចំនួន ដូចជា «Iron Detective» ដែលជា AI ដែលវាយតម្លៃការផ្ទុកជាតិដែកលើសនៅក្នុងអ្នកជំងឺឈាមតំណពូជដោយសារហ្សែន ដែលជាស្ថានភាពមួយដែលកំពុងរីករាលដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍។ ដោយបានទទួលការបណ្តុះបណ្តាលទៅលើករណីជាង ៥.០០០ ពីប្រទេសចិន វៀតណាម និងឡាវ ឧបករណ៍នេះកាត់បន្ថយថ្លៃដើមក្នុងការវិនិច្ឆ័យរោគបានពីរភាគបី ហើយត្រូវបានប្រើប្រាស់រួចហើយនៅក្នុងមន្ទីរពេទ្យចំនួន៥២។ នៅទីបំផុត គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្លាស់ប្តូរខេត្តក្វាងស៊ីពីច្រកទ្វារពាណិជ្ជកម្មទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល ដោយផ្តល់ការវិនិច្ឆ័យរោគកម្រិតខ្ពស់ដល់មនុស្សពីរពាន់លាននាក់នៅទូទាំងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





