សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ គូសបញ្ជាក់ពីភាពរឹងមាំ និង ស្ថិរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា
AKPភ្នំពេញថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៦– សមាគមធនាគារនៅកម្ពុជា(ABC) និង សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានកិត្តិយស និងសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និង ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា (NBC) ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។ ការចែកចាយ និផ្សព្វផ្សាយ ព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះ បញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។
យោងតាមសេចក្តីប្រកាស ដែលបានចេញផ្សាយនៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមគូសបញ្ជាក់ថា ភាពរអាក់ រអូរចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និង វិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។
សមាគមទាំងពីរ សូមអំពាវនាវដល់សាធារណជន សូមកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មាន និងភាពរឹងមាំនៃ ដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម។ សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃ កម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវាដោយផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។ សមាគមទាំងពីរបន្តរក្សាទំនុកចិត្ត វិស័យធនាគារ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិក ទាំងអស់ ដើម្បីធានាការទំនាក់ទំនងច្បាស់លាស់ លើកកម្ពស់បរិយាកាសប្រតិបត្តិការឱ្យមានរបៀប រៀបរយ និងរក្សាស្ថិរភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕


ដោយ៖ ចរិយា ប្រភព៖ សមាគមធនាគារ





