Hikvision បង្ហាញមហិច្ឆតាពង្រីកវិសាលភាពបច្ចេកវិទ្យា AI ដើម្បីជំរុញសង្វាក់ផលិតកម្មឆ្លាតវៃ
AKP ទីក្រុង Hangzhou, ប្រទេសចិន ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦ --
ក្រុមអ្នកសារព័ត៌មានជាងដប់ប្រទេសដែលនឹងចូលរួមក្នុងវេទិកា " 2026 SCO Forum on Green and Sustainable Development " នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមេសា បានចុះទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Hikvision ទីក្រុង Hangzhou ប្រទេសចិន។ តាមការធ្វើបទបង្ហាញពីក្រុមការងារនៃក្រុមហ៊ុន Hikvision បានមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកំពុងធ្វើបដិវត្តន៍ខ្លួនយ៉ាងខ្លាំងក្លា តាមរយៈការបញ្ចេញនូវបច្ចេកវិទ្យា AI និង IoT កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។

តំណាងក្រុមហ៊ុន Hikvision បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរពីការផ្តោតលើតែរូបភាពវីដេអូ ទៅជាការចាប់យកសញ្ញាចម្រុះ (Multi-dimensional Perception) ដែលគោលដៅរបស់ក្រុមហ៊ុនគឺប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យការរស់នៅកាន់តែមានសុវត្ថិភាព និងជួយឱ្យអាជីវកម្មនានាដំណើរការទៅដោយប្រសិទ្ធភាពខ្ពស់បំផុត។ មិនតែប៉ុណ្ណោះ មហិច្ឆតារបស់ Hikvision មិនត្រឹមតែការផលិតកាមេរ៉ាប៉ុណ្ណោះទេ ប៉ុន្តែគឺការបង្កើត "ភ្នែកឆ្លាតវៃ" សម្រាប់ពិភពលោក ដើម្បីជួយឱ្យមនុស្សជាតិយល់ដឹងពីទិន្នន័យដែលមើលមិនឃើញដោយភ្នែកទទេ។

សមិទ្ធផលលេចធ្លោដែលត្រូវបានបង្ហាញក្នុងដំណើរទស្សនកិច្ចនោះ រួមមាន៖
- បច្ចេកវិទ្យា AI + Spectrum មានលក្ខណៈពិសេស ដើម្បីធ្វើការត្រួតពិនិត្យទាំងគុណភាព និងបរិមាណ លើការប្រែប្រួលនៃឧស្ម័ន, គុណភាពទឹក, រុក្ខជាតិ និងសមាសធាតុផ្សេងៗទៀត ដែលជាដំណោះស្រាយដ៏សំខាន់សម្រាប់កិច្ចគាំពារបរិស្ថាន។
- បច្ចេកវិទ្យា AI + Video បច្ចេកវិទ្យានេះជួយត្រួតពិនិត្យឆ្លាតវៃលើការហុយធូលីដីនៅការដ្ឋានសំណង់ ការដុតកាកសំណល់ ការដឹកជញ្ជូនកាកសំណល់ ការបញ្ចេញផ្សែងពុលពីយានយន្ត និងការត្រួតពិនិត្យច្រកចេញនៃទឹកកខ្វក់។
- បច្ចេកវិទ្យា AI + Acoustic ប្រើប្រាស់កំណត់ទីតាំងប្រភពសំឡេង ដើម្បីបង្កើតជារូបភាពសំឡេង និងការកំណត់អត្តសញ្ញាណនៃប្រភពសំឡេងដែលអាចតាមដានបាន។
លើសពីនេះទៅទៀត ក្រុមហ៊ុនបានពង្រីកវិសាលភាពទៅលើបច្ចេកវិទ្យា Chromatography និង Mass Spectrometry គ្រប់គ្រង និងបញ្ជាចលនាច្បាស់លាស់ (Precision motion control) និងបច្ចេកវិទ្យាចាប់សញ្ញា (Weak signal detection)ដើម្បីបង្កើនប្រសិទ្ធភាពនៃការវិភាគសមាសធាតុសារធាតុឱ្យកាន់តែប្រសើរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hikvision ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ គឺជាសហគ្រាសបច្ចេកវិទ្យាដែលផ្តល់អាទិភាពលើការច្នៃប្រឌិតបម្រើដល់បណ្តាវិស័យឧស្សាហកម្មចម្រុះ។ ដោយចាប់ផ្តើមចេញពីបច្ចេកវិទ្យាវីដេអូ ក្រុមហ៊ុនបានពង្រីកសមត្ថភាពលើផ្នែកការយល់ដឹងបែប IoT ជាបន្តបន្ទាប់ ដែលគ្របដណ្តប់លើដែនវិភាគសញ្ញាផ្សេងៗ រួមមាន៖ រលកអេឡិចត្រូម៉ាញេទិច, រលកមេកានិច, សីតុណ្ហភាព និងសម្ពាធ។ គេស្គាល់ Hikvision ច្បាស់បំផុតតាមរយៈការវាយលុកទីផ្សារកាមេរ៉ាសុវត្ថិភាព (CCTV) មានតម្លៃសមរម្យ បើធៀបនឹងគុណភាព និងបច្ចេកវិទ្យាឌីជីថល (ដូចជា IP Camera) ក្លាយជាជម្រើសលេខ១ សម្រាប់វិស័យឯកជន ដូចជា បុរី ខុនដូ ធនាគារ ហាងទំនិញ វិស័យសំណង់ និងបច្ចេកវិទ្យាសន្តិសុខ ជាដើម៕
ដោយ ទូច វលក្ខ័ណ





