សាលាគុនស្រីជ័យដំរីសាមពាន់ដណ្តើមបានចំណាត់ថ្នាក់លេខ១ ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦--ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ខណៈលទ្ធផលជ័យលាភី ក្នុងចំណោម២៤សាលាគុន គឺសាលាគុនស្រីជ័យដំរីសាមពាន់ ឈរនៅចំណាត់ថ្នាក់លេខ១ មេដាយសរុប ៥គ្រឿង ។

សាលាគុនស្រីជ័យដំរីសាមពាន់ ដែលឈរលេខ១នៃតារាងមេដាយនេះ គឺដណ្តើមបានមេដាយសរុប៥គ្រឿង (មាស៣ ប្រាក់១ សំរឹទ្ធ១) មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ លេខ២ មេដាយសរុប ១០គ្រឿង (មាស ២ ប្រាក់២ សំរឹទ្ធ៦) តារាជក្រសួងមហាផ្ទៃ លេខ៣ មេដាយសរុប៣គ្រឿង (មាស២ ប្រាក់១) ខណៈកងពលតូចថ្មើរជើងលេខ៥១ លេខ៤ មេដាយមាស២គ្រឿង។

លោក ឈាង សុវណ្ណរតនា អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ជាឆ្នាំទី២ ដោយការរៀបចំរបស់មន្ត្រីបច្ចេកទេស និងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមមានគុណភាពល្អប្រសើរជាងឆ្នាំមុន។ ជាមួយគ្នានេះ លោកបន្ថែមថា ជាគោលដៅក្នុងការត្រៀមចូលរួមប្រកួតអន្តរជាតិ គឺប្រភេទកីឡាបញ្ចស៊ីឡាត់កម្ពុជាកំពុងត្រៀមខ្លួនចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ ចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី និងត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ នាឆ្នាំ២០២៨ខាងមុខ។ ក្នុងការត្រៀមខ្លួននេះ លោក ឈាង សុវណ្ណរតនា សង្កត់ធ្ងន់ថា ជាគោលដៅរបស់សហព័ន្ធ ជាពិសេសឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាត្រៀមបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ដើមនៃក្បាច់គុនមួយនេះ ឬស្នើសុំគ្រូបង្វឹកឥណ្ឌូណេស៊ីមកជួយបង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជាបន្ថែម ត្រៀមដណ្តើមមេដាយជូនជាតិ។

ឯកឧត្តម Krishnajie Partadireja ភារធារីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជាដែលផ្តល់កិត្តិយសអញ្ជើញចូលរួមបានបង្ហាញការភ្ញាក់ផ្អើលចំពោះការរៀបចំប្រកួតជើងឯកថ្នាក់ជាតិរបស់កម្ពុជា ឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ ឯកឧត្តមចាត់ទុកថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កកម្ពុជាទើបបង្កើតបានរយៈពេល២ឆ្នាំ ប៉ុន្តែលោកបានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់សហព័ន្ធ ក៏ដូចជាគុណភាពបច្ចេកទេសខ្ពស់របស់កីឡាករ កីឡារិនីកម្ពុជា។ ឯកឧត្តមប្តេជ្ញាគាំទ្រដល់កម្ពុជា ក្នុងកិច្ចសហការជាមួយកម្ពុជាលើប្រភេទកីឡាប្រពៃណីមួយនេះរបស់ឥណ្ឌូណេស៊ី ក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ នៅឥណ្ឌូណេស៊ី ឬបញ្ជូនគ្រូបង្វឹកពីឥណ្ឌូណេស៊ីមកជួយបង្ហាត់ដល់អត្តពលិកកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា វិស័យកីឡាបញ្ចស៊ីឡាត់កម្ពុជានឹងបន្តរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានជម្រាបជូនថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដំណើរការរយៈពេល២ថ្ងៃ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរៀបចំលើ១៤វិញ្ញាសា ក្នុងនោះ៥វិញ្ញាសាសម្រាប់យុវជនក្រោម ១៧ឆ្នាំ និង៩វិញ្ញាសាសម្រាប់ អត្តពលិកអាយុលើ១៨ឆ្នាំ។ អ្នកចូលរួមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី គណៈកម្មការរៀបចំការប្រកួត និងក្រុមការងារស្ម័គ្រចិត្តសរុប ២០៧នាក់ មកពី២៤សាលាគុននៃ៩រាជធានី-ខេត្ត ដោយកើនឡើង២សាលាគុន។ សម្រាប់វិញ្ញាសាប្រកួតមាន ១៤វិញ្ញាសា ក្នុងនោះមាន ៥វិញ្ញាសា ជាវិញ្ញាសាសម្រាប់យុវជនក្រោម១៧ឆ្នាំ និង៩វិញ្ញាសាទៀត គឺវិញ្ញាសាប្រយុទ្ធ សម្រាប់អត្តពលិកអាយុលើ១៨ឆ្នាំ។
លោក អ៊ួ តារា លើកឡើងថា ដោយសារនៅក្នុងឆ្នាំនេះមានការប្រកួតយុវជនក្រោមអាយុ ១៨ឆ្នាំកម្រិតអន្តរជាតិ ដូចនេះយើងបន្ថែមវិញ្ញាសាសម្រាប់យុវជនក្រោមអាយុ១៨ឆ្នាំ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់មានឱកាសបន្តជំនាញ និងបង្ហាញស្នាដៃលើឆាកអន្តរជាតិ។ រាល់ការចំណាយទាំងអស់ជាបន្ទុករបស់សហព័ន្ធ ដែលជាកាតព្វកិច្ចមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងផ្ដល់ឱកាសលើកទឹកចិត្តដល់យុវជនឱ្យបានលេងកីឡាផងដែរ៕
ដោយ ហេង ណាលីន





