ប្រកាសបើកការប្រកួតកីឡាបញ្ចស៊ីឡាត់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦--
ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ត្រូវបានបើកដំណើរការប្រកួតជាផ្លូវកាល កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរៀបចំលើ១៤វិញ្ញាសា ក្នុងនោះ៥វិញ្ញាសាសម្រាប់យុវជនក្រោម ១៧ឆ្នាំ និង៩វិញ្ញាសាសម្រាប់ អត្តពលិកអាយុលើ១៨ឆ្នាំ។

ពិធីបើកជាផ្លូវការធ្វើឡើងក្រោមវត្តមានលោក ឈៀង សុវណ្ណរតនា អនុប្រធានសហព័ន្ធតំណាងឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចាក់ស៊ីឡាកម្ពុជា ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា។
លោក ឈៀង សុវណ្ណរតនា បានថ្លែងថា តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦នេះ សហព័ន្ធនឹងជ្រើសរើសបានធនធានឆ្នើមៗសម្រាប់ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នៅប្រទេសម៉ាឡេស៊ី នាចុងឆ្នាំ២០២៦ រួមទាំងសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ នាឆ្នាំ២០២៨ខាងមុខ។

អនុប្រធានសហព័ន្ធបន្ថែមថា រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់ ដែលបានដណ្តើមមេដាយប្រាក់ និងសំរឹទ្ធកម្រិត អាស៊ី នៅបារ៉ែន និងកម្រិតអាស៊ីអាគ្នេហ៍នៅប្រទេសព្រុយណេ។ ការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិមានសារសំខាន់ជាការបោះជំហានមួយក្នុងបង្ហាញទេពកោសល្យ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ឱ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ព្រំ ប៊ុណ្ណយី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញកីឡាមួយនេះរបស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា រួមទាំងការខិតខំរួមគ្នារបស់គ្រូបង្វឹក កីឡាករ កីឡាការិនីតាមក្លឹប ក៏ដូចជាក្រុមជម្រើសជាតិ ដែលតែងតែបង្កើតបាននូវសមិទ្ធផលជាមេដាយក្នុងការប្រកួតអន្តរជាតិជាបន្តបន្ទាប់នាពេលកន្លងមក។ បន្ថែមពីលើនេះ ឯកឧត្តមក៏ជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធ កីឡាករ កីឡាការិនីបន្តការខិតខំអភិវឌ្ឍឆ្ពោះទៅចូលរួមប្រកួតកីឡាលើឆាកអន្តរជាតិបន្តទៀត ជាពិសេសត្រៀមប្រកួតដណ្តើមមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ខាងមុខផងដែរ។

ជាមួយគ្នានេះ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានជម្រាបជូនថា មុនបានការទទួលស្គាល់ជាផ្លូវការ និងក្រោយទទួលបានជាផ្លូវការ សហព័ន្ធកីឡាកញ្ចស៊ីឡាត់ សម្រេចបានលទ្ធផលជាច្រើនជូនជាតិមាតុភូមិដូចជាលទ្ធផលកាលការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ និងប្រកួតកម្រិតអន្តរជាតិ និងកម្រិតពិភពលោកនានា ហើយយើងក៏ទទួលបានលទ្ធផលជាផ្លែផ្កាបន្តបន្ទាប់។ ចុងក្រោយនេះ យើងទទួលបានមេដាយកម្រិត អាស៊ី និងបារ៉ែន និងកម្រិតអាស៊ីអាគ្នេហ៍ នៅប្រទេសព្រុយណេ ដែលបេសកកម្មទាំងពីនេះ ដឹកនាំដោយក្រសួងអប់រំយុវជន និងកីឡា ហើយយើងនឹងសម្រួចបន្ថែម សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនានានៅក្នុងឆ្នាំ២០២៦នេះផងដែរ។
លោកអគ្គលេខាធិការបន្តថា ក្រុមការចង្អុលបង្ហាញរបស់ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធ ក៏ដូចជាការចូលរួមពីសំណាក់លោកអនុប្រធាន និងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឱ្យខានតែបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ នេះ។ នេះជាឆ្នាំទី ២ នៃការរៀបចំប្រកួតជើងឯកថ្នាក់ជាតិបញ្ចស៊ីឡាត់ ដោយមានអ្នកចូលរួមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី គណៈកម្មការរៀបចំការប្រកួត និងក្រុមការងារស្ម័គ្រចិត្តសរុប ២០៧នាក់ ដែលនៅក្នុងនោះមកពី ៩រាជធានីខេត្តនិង ២៤សាលាគុន។ សម្រាប់វិញ្ញាសាប្រកួតមាន ១៤វិញ្ញាសា ក្នុងនោះមាន ៥វិញ្ញាសា ជាវិញ្ញាសាសម្រាប់យុវជនក្រោម១៧ឆ្នាំ និង៩វិញ្ញាសាទៀត គឺវិញ្ញាសាប្រយុទ្ធ សម្រាប់អត្តពលិកអាយុលើ១៨ឆ្នាំ។
លោក អ៊ួ តារា លើកឡើងថា បើធៀបនឹងឆ្នាំមុន គឺកើនឡើង២សាលាគុន ខណៈវិញ្ញាសាដោយសារនៅក្នុងឆ្នាំនេះមានការប្រកួតយុវជនក្រោមអាយុ ១៨ឆ្នាំកម្រិតអន្តរជាតិ ដូចនេះយើងបន្ថែមវិញ្ញាសាសម្រាប់យុវជនក្រោមអាយុ ១៨ឆ្នាំដើម្បីផ្ដល់ឱកាសឱ្យពួកគាត់ មានឱកាសបន្តជំនាញ និងបង្ហាញស្នាដៃលើឆាកអន្តរជាតិនាពេលអនាគត់។ រាល់ការចំណាយទាំងអស់ជាបន្ទុករបស់សហព័ន្ធ ដែលជាកាតព្វកិច្ចមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងផ្ដល់ឱកាសលើកទឹកចិត្តដល់យុវជនឱ្យបានលេងកីឡាផង ហើយលោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈឯកឧត្តមទីប្រឹក្សានឹងជួយនាំពាក្យនូវការខិតខំប្រឹងប្រែងរបស់សហព័ន្ធជូនដល់ថ្នាក់ដឹកនាំក្រសួងអប់រំ ដើម្បីឆ្នាំខាងមុខៗទទួលបានកញ្ចប់ថវិកាឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដូចសហព័ន្ធកីឡាជាតិផ្សេងៗទៀត៕
ដោយ ហេង ណាលីន





