ឯឧត្តម សែម រតនា៖ កម្ពុជាបានបន្តពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទំនងជាមួយមិត្តថ្មី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦--
កម្ពុជាបានបន្តពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទំនងជាមួយមិត្តថ្មី ដោយផ្អែកលើការជឿជាក់ ការគោរព និងការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈជំនួប និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងកម្ពុជា និងប្រទេសដៃគូជាច្រើន។នេះជាការលើកឡើងរបស់ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៥ និងទិសដៅបន្ត នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលបានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ស្ថានការណ៍ពិភពលោកបន្តវិវត្តទៅរកភាពមិនប្រាកដប្រជា និងប្រែប្រួលកាន់តែខ្លាំង។ ការប្រកួតប្រជែងកាន់តែស្រួចស្រាវរវាងមហាអំណាចនានា ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ការប្រណាំងប្រជែងខាងបច្ចេកវិទ្យា និងការបន្តអូសបន្លាយនៃជម្លោះនានាតាមតំបន់ បានដាក់ជាចំណោទទៅលើប្រសិទ្ធភាពនៃអភិបាលកិច្ចពហុភាគី និងច្បាប់អន្តរជាតិ តែកម្ពុជាបានខិតខំរក្សាជំហរ និងនយោបាយអព្យាក្រឹត ដោយចៀសវាងការធ្លាក់ចូលក្នុងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំបំផុតទាំងពីរ ហើយបានខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ច ទាំងជាមួយមហាអំណាចផង ទាំងជាមួយប្រទេសជាដៃគូផ្សេងទៀតនៅក្នុង និងក្រៅតំបន់ផង ដោយរាជរដ្ឋាភិបាលបានបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាមិត្តទាំងអស់ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ជារួម កម្ពុជាបានបន្តពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទំនង ជាមួយមិត្តថ្មី ដោយផ្អែកលើការជឿជាក់ ការគោរព និងការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈជំនួប និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងកម្ពុជា និងប្រទេសដៃគូជាច្រើន។
ឯកឧត្តម សែម រតនា បានគូសបញ្ជាក់ថា ឆ្លងតាមការវិវត្តជាក់ស្តែងនៃសភាពការណ៍ជាតិ និងអន្តរជាតិ ទាមទារឱ្យគណបក្សត្រូវបន្តលើកកម្ពស់សមត្ថភាពដឹកនាំលើគ្រប់ផ្នែកទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានាការការពារឯករាជ្យ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារប្រជាជន ការពាររាល់សមិទ្ធផល និងបន្តជំរុញការភិវឌ្ឍន៍សង្គមជាតិ៕
ដោយ ចាន់ សុភឿន





