មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការចូលរួមក្នុងចលនាកាយរឹទ្ធិ ចំណុចស្នូលគឺ «ការធ្វើអំពើល្អ»
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦--
ការចូលរួមក្នុងចលនាកាយរឹទ្ធិមិនមែនត្រឹមតែជាការស្លៀកឯកសណ្ឋានស្អាត ឬការដើរកម្សាន្តក្នុងព្រៃ ឬការចូលរួមព្រឹត្តិការណ៍ផ្សេងៗដូចជាការបោះជំរំប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះស្មារតីឱ្យយើងចេះ "ត្រៀមខ្លួន" ជាប់ជាប្រចាំ ស្របតាមបាវចនារបស់កាយរឹទ្ធិជាតិកម្ពុជាគឺ “ប្រុងជានិច្ច”។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត គឹម សេដ្ឋានី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់នវមេដឹកនាំកាយរឹទិ្ធ និងនវកាយរឹទ្ធិរៀមច្បងចំនួន ២១០នាក់ ស្រី ១៩០នាក់ នៃកងឯកភាពសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជាបានថ្លែងថា ការអប់រំបែបកាយរឹទិ្ធកម្មត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាក្នុងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមសាលារៀនគំរូ។ ការរៀបចំ “ក្លិបកាយរឹទិ្ធ” និង “រចនាសម្ព័ន្ធកងល្បាត” នៅតាមគ្រឹះស្ថានសិក្សា ចាប់ពីកម្រិតបឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា គឺពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ ដល់យុវជន និងកុមារ ដើម្បីប្រែក្លាយពួកគេទៅជាពលរដ្ឋល្អ ជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។

លោកជំទាវបានគូសបញ្ជាក់ថា បាវចនារបស់កាយរឹទ្ធិជាតិកម្ពុជាគឺ “ប្រុងជានិច្ច” (Be Prepared) មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែវាជាការរៀបចំខ្លួនទាំងកាយ ស្មារតី ចំណេះដឹង និងសកម្មភាពជាក់ស្តែង ដើម្បីត្រៀមប្រឈមមុខនឹងបញ្ហាគ្រប់កាលៈទេសៈ។ ចំណែកឯចំណុចស្នូលមួយទៀតនៃកាយរឹទ្ធិគឺ "ការធ្វើអំពើល្អ"។ កាយរឹទ្ធិបង្រៀនយើងឱ្យមានភាពម្ចាស់ការលើខ្លួនឯង មិនថាក្នុងការសិក្សា ឬការរស់នៅប្រចាំថ្ងៃ គឺអំពីការកសាងចរិតលក្ខណៈ និងសីលធម៌ល្អ។ កាយរឹទ្ធិត្រូវចូលរួមធ្វើអំពើល្អជារៀងរាល់ថ្ងៃទោះបីជាជារឿងតូចតាចក៏ដោយ សមដូចពាក្យមួយឃ្លារបស់កាយរឹទ្ធិបានពោលថា៖ “កាយរឹទ្ធិត្រូវធ្វើអំពើល្អឱ្យបាន១យ៉ាងតិចក្នុង១ថ្ងៃ”។ ដូច្នេះក្នុងនាមជាសមាជិកកាយរឹទ្ធិ គឺត្រូវមានភាពស្មោះត្រង់ វិន័យ និងសីលធម៌ល្អ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





