ក្រសួងពាណិជ្ជកម្ម៖ នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំងប៉ុណ្ណោះ នៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវការមកដល់ស្តុកថ្មី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦--
នាពេលកន្លងមក ក្រុមការងារចម្រុះបានពិនិត្យបូកសរុប និងផ្ទៀងផ្ទាត់ ឃើញថាមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ២ ០០០ទីតាំង ដែលបានបិទ ឬផ្អាកប្រតិបត្តិការដោយមិនទាន់បានវាយតម្លៃអនុលោមភាពពីអង្គភាពមានសមត្ថកិច្ច។ ក្រោយពីក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងក្រោមកិច្ចសហការពីម្ចាស់ស្ថានីយ និងដេប៉ូ ឃើញថានៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំងប៉ុណ្ណោះនៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវការមកដល់ស្តុកថ្មី ហើយក្រៅពីនោះបានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងដូច្នេះ តាមរយៈសេចក្តីណែនាំ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ ដោយបានថ្លែងអំណរគុណដល់កិច្ចសហការល្អរវាង ក្រុមការងារចម្រុះ របស់មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម សាខាក.ប.ប. និងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមត្រួតពិនិត្យ វាយតម្លៃផ្ទៀងផ្ទាត់អនុលោមភាព ដើម្បីធានាឱ្យមានតម្លាភាព និងស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ សូមចូលរួមសហការ ដោយធ្វើការជូនដំណឹងដល់ ក្រសួងរ៉ែ និងថាមពល និង/ឬក្រសួងពាណិជ្ជកម្ម និង/ឬមន្ទីររ៉ែ ថាមពល និង/ឬមន្ទីរពាណិជ្ជកម្ម អំពីបញ្ហាប្រឈម និងការលំបាកនានាក្នុងការទទួលបាននូវប្រភពប្រេងឥន្ធនៈ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចអាចជួយសម្របសម្រួល និងដោះស្រាយការផ្គត់ផ្គង់បានទាន់ពេលវេលា។
ដោយឡែក ចំពោះអតិថិជនជាប្រជាពលរដ្ឋ ក្នុងសហគមន៍ ឬកសិដ្ឋានដែលមានតម្រូវការពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្មសូមចូលរួមសហការ ដោយធ្វើការជូនដំណឹងទាន់ពេលវេលាអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ខ្លួន ទៅកាន់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីកសិកម្មឃុំ និង/ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬមកក្រសួង ដើម្បីអាចទទួលបានការវាយតម្លៃ និងសម្របសម្រួលរកប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្របតាមតម្រូវការចាំបាច់ជាក់ស្តែង។
បន្ថែមពីលើនេះ ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមសហការតាមរយៈការសន្សំសំចៃ និងប្រើប្រាស់ប្រេងឥន្ធនៈចំពោះតែសកម្មភាពដែលបម្រើតម្រូវការចាំបាច់ប្រចាំថ្ងៃ៕

ដោយ ផែន រតនៈ





