លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកាសមាជិក សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦– ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកជំទាវបណ្ឌិត បានបង្ហាញនូវអារម្មណ៍រំភើប រីករាយចំពោះ កុមារី យុវតី សមាជិកា សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ដែលបានរីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ មានសមត្ថភាពពេញលេញ និងមានភាពជឿជាក់លើខ្លួនឯង ក្រោយពីទទួលបានការបណ្តុះបណ្តាលតាមរយ:កម្មវិធីផ្សេងៗពីសមាគម ក្នុងរយៈពេល ៤ឆ្នាំកន្លងមក រួមជាមួយនឹងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប គ្រូបង្គោល សមាជិកគាំទ្រ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការណ៏ និងគាំទ្រ ដល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា និងបានដឹកនាំកូនៗរៀបចំស្បៀងអាហារ ដាំបន្លែ ផ្សេងៗក្នុងចលនា “យេីងរួមគ្នាដេីម្បីជាតិ” ជូនវីរ:កងទ័ព ប្រជាពលរដ្ឋភៀសសឹក។



ឆ្លៀងក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ក៏បានរំលេចបន្ថែមអំពីការរៀបចំមហាសន្និបាទកាយឫទ្ធិនារីពិភពលោកលើកទី៣៩ (39th WAGGGS World Conference) និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីអង្គរដ៏អស្ចារ្យ នៃខេត្តសៀមរាប ហើយមហាសន្និបាតនេះ នឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ សម្រាប់មហាសន្និបាតនេះ នឹងមានវត្តមានសមាសភាព WAGGGS និង សហគមន៍ OB-PS មកពីទ្វីបទាំង ៥ ដែលមានសមាជិកជាង ១៥០ប្រទេសចូលរួម៕


ដោយ៖ គង់ សិរីរ័ត្ន





