ឯកឧត្តម សុខ លូ បន្តដឹកនាំប្រជុំការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ២០២៦
AKP បាត់ដំបងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៦–ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធប្រជុំពិនិត្យផែនការលម្អិត និងពិនិត្យទីតាំងជាក់ស្តែងសំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបានប្រព្រឹត្តទៅដោយរលូន ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេ។


សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ដោយមានបែងចែកជាតំបន់សាសនា សម្រាប់រៀបចំពិធីសាសនាផ្សេងៗ តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ភូមិល្បែងប្រជាប្រិយ និងភូមិសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ៕

ដោយ៖ ណយ នឿន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





