ឯកឧត្តម ខៀវ កាញារីទ្ធ៖ ការអានមានផលប្រយោជន៍ ច្រើនជាងមើល ច្រើនជាងស្ដាប់ ប៉ុន្តែមិនមែន មើលនិងស្ដាប់អត់ប្រយោជន៍នោះទេ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦--«ខ្ញុំអាចនិយាយបានថា ៥០ភាគរយនៃចំណេះរបស់ខ្ញុំបានពីគ្រូ ៥០ភាគរយទៀតបានពីការអាន» នេះជាការលើកឡើងរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកម្មវិធីសម្ពោធសៀវភៅ «ខៀវ កាញារីទ្ធ ជម្នះរស់»។
ខណៈបច្ចុប្បន្នមានមធ្យោបាយជាច្រើសម្រាប់អ្នកចូលចិត្តអាន ចូលចិត្តស្ថាប់ និងទស្សនា តាមរយៈបណ្ដាញសង្គមមាន Facebook ,Podcast, You tube និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយច្រើនបែបច្រើនយ៉ាងផ្សេងទៀតផងនោះ ប៉ុន្តែ ឯកឧត្តម ខៀវ កាញារីទ្ធ នៅតែអះអាងថា ការអានមានប្រយោជន៍ច្រើនជាង ការស្ដាប់ និងទស្សនាជារូបភាព។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា «ការអានខុសពីការស្ដាប់ ខុសពីការមើល ខុសគ្នាយ៉ាងម៉េច យើងមើល You tube បើគេនិយាយវែង ភ្នែកយើងត្រូវរត់តាមរូប ខួរក្បាលយើងក៏ប្រឹងរត់តាមរូប Podcast ក៏អ៊ីចឹងដែរ យើងស្ដាប់សំឡេង ខួរក្បាលយើងរត់តាមសំឡេង បើអានខុសគ្នា ខុសធំណាស់ អានយើងឈប់ពេលណាក៏បាន ឃើញពាក្យមួយថ្មី ឬឃើញពាក្យមួយប្លែក ឬឃ្លាមានន័យយើងឈប់ ខួរក្បាលយើងឈប់ ហើយខួរក្បាលយើងគិត អីចឹងយើងពង្រីកខួរក្បាលរបស់យើង ដូចយើងសំលៀងកាំបិតចឹង អានមានផលប្រយោជន៍ច្រើនជាងមើល ច្រើនជាងស្ដាប់ ប៉ុន្តែមិនមែន មើលនិងស្ដាប់អត់ប្រយោជន៍ទេ ព្រោះអ្នកខ្លះអានសៀវភៅតែមួយទំព័រគាត់គេងលក់ តែបើមើលរូប គាត់មើលបានយូរ ចឹងយើងត្រូវមានគ្រប់បែប ចង់មើលអី ចង់ស្ដាប់អីស្ដាប់ទៅ យើងបង្កើតចំណេះដូចគ្នា ប៉ុន្តែការអានមិនមែនគ្រាន់តែបង្កើនចំណេះទេ វាបង្កើនពីរបៀបគិត ការរិះគិត»។


សូមជម្រាបជូនថា សៀវភៅ «ខៀវ កាញារីទ្ធ ជម្នះរស់» គឺជាវណ្ណកម្មថ្មីរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម។ ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ខៀវ កាញារីទ្ធ សារព័ត៌មានថ្មីៗ បានរៀបចំកម្មវិធីសម្ពោធ សៀវភៅនេះដែលបានប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០ព្រឹកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ស្របគ្នានឹងព្រឹត្តិការណ៍ «ទិវាជាតិអំណាន» ដែលត្រូវរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សិរី ឧត្តម





