អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូតចិន ដែលបានផ្តល់អំណោយស្បៀងអាហារ ដើម្បីជួយសម្រាលជីវភាពពលរដ្ឋរងគ្រោះ
AKPបន្ទាយមានជ័យថ្ងៃទី១៤ខែមីនាឆ្នាំ២០២៦– ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-ចិន ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈការឧបត្ថម្ភគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ក្នុងពិធីទទួលអំណោយដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះនៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងស្មោះស័្មគ្រចំពោះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការឧបត្ថម្ភទាន់ពេលវេលាដល់រដ្ឋបាលខេត្ត។

អំណោយដែលរដ្ឋបាលខេត្តទទួលបានពីភាគីចិននៅពេលនេះ រួមមានគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនមុខ ដែលនឹងត្រូវចាត់ចែងបែងចែកទៅដល់ដៃប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ក្នុងនោះរួមមាន
ពងទាចំនួន ៣០,០០០ គ្រាប់, ស្ករស ចំនួន ១,៥០០ គីឡូក្រាម, ប៊ីចេង ចំនួន ៧៥០ គីឡូក្រាម, ខ្ទឹមស ចំនួន ៤៥០ គីឡូក្រាម,ប្រេងសណ្តែក ចំនួន ៣,០០០ ដប។


ឯកឧត្តម អ៊ុ រាត្រី បានសង្កត់ធ្ងន់ថា អំណោយទាំងនេះមិនត្រឹមតែជាស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាព "ដែកថែប" និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសទាំងពីរ។ លោកបានបន្ថែមថា នេះគឺជាការជួយជ្រោមជ្រែងដ៏មានសារសំខាន់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្លាប់រងគ្រោះ និងភៀសសឹកដោយសារសង្គ្រាមឈ្លានពាននាពេលកន្លងមក ដែលកំពុងត្រូវការការយកចិត្តទុកដាក់ និងការស្តារជីវភាពឡើងវិញ។
ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលខេត្ត បានប្តេជ្ញាចិត្តថានឹងនាំយកអំណោយទាំងអស់នេះទៅបែងចែកជូនដល់គ្រួសារគោលដៅឱ្យបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅបំផុត ដើម្បីឱ្យអំណោយរបស់មិត្តចិនបានទៅដល់ដៃអ្នកដែលខ្វះខាតពិតប្រាកដ។

ជាមួយនោះ ឯកឧត្តម អ៊ុ រាត្រី ក៏បានគោរពជូនពរដល់ ឯកឧត្តម វ៉ាង វិនពីន ព្រមទាំងសហការីនៃស្ថានទូតចិនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តបេសកកម្មការទូត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕ ដោយ៖ ឈុន សារ៉ាត





