ឯកឧត្តមនួន ផារ័ត្នដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៦-- ឯកឧត្តមនួន ផារ័ត្នដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តកំពង់ធំ ចុះពិនិត្យមើលការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅនៅក្នុងមូលដ្ឋាន ដើម្បីត្រៀមរៀបចំសណ្តាប់ធ្នាប់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២៦បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តប្រចាំខែកុម្ភៈ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តដោយផ្តោតសំខាន់លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅនៅក្នុងមូលដ្ឋាន ការការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការទប់ស្កាត់ការរំលោភបំពានដីតំបន់៣ស្ថិតនៅក្នុងតំបន់បឹងទន្លេសាបក៏ដូចជាការងារត្រៀមរៀបចំសណ្តាប់ធ្នាប់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ"សង្ក្រាន្តកំពង់ធំឆ្នាំ២០២៦"នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានក្រុមជំនួយការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានឡើងធ្វើរបាយការណ៍ស្តីអំពីស្ថានភាពទូទៅក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការគ្រប់គ្រងការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងខេត្តដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ នៃការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរដែនដី សម្រេចបានលទ្ធផលល្អប្រសើរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានឡើងធ្វើបទអន្តរាគមន៍ ដោយបានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ បទល្មើសកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនមានកើតឡើងទៀតទេ ហើយបទល្មើសនេសាទ ខុសច្បាប់នៅតំបន់បឹងទន្លេសាបក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ក៏មានការថយចុះដោយប្រជាពលរដ្ឋភាគច្រើនបានយល់ដឹង និងចូលរួមក្នុងការគោរពច្បាប់ស្ដីពីជលផលថ្មី ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ សូម ចូលរួមជាមួយសមត្ថកិច្ចជំនាញនិងកងកម្លាំងចម្រុះក្នុងការបន្តសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បណ្ដាមន្ទីរ ស្ថាប័ននានា នៅក្នុងខេត្ត ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង៩និងកងកម្លាំងប្រដាប់អាវុធទាំងបីដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ច ចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ។ ពិសេសការទប់ស្កាត់និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា"អនឡាញស្គេម" និងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានយ៉ាងល្អប្រសើរ។

ឯកឧត្តម នួន ផារ័ត្ន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បណ្ដាមន្ទីរ ស្ថាប័ននានា នៅក្នុងខេត្ត ព្រមទាំងគណៈបញ្ជាការឯកភាពក្រុង ស្រុកត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងតាមគ្រប់រូបភាព ក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា "អនឡាញស្គេម"ឱ្យបានជាដាច់ខាត។ ជាមួយនោះដែរ ត្រូវបន្តរួមគ្នាការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យទទួលបានជោគជ័យបន្តទៀត។ដោយឡែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ នេះ គ្រប់ ស្រុក ក្រុង បណ្ដា មន្ទីរ អង្គ ភាព ត្រូវប្រុងប្រៀបការរៀបចំ ការតុបតែងលម្អសោភ័ណភាព ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិង ត្រូវ រៀបចំ ប្រតិភូ ទៅ សួរ សុខទុក្ខ បងប្អូន វីរកងទ័ព នៅ សមរភូមិមុខនិង បងប្អូន អតីត យុទ្ធ ជន ផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





