មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យអ្នកបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់យកចំណេះដឹងទៅបម្រើការងារជូនអង្គភាព និងចែករំលែកបន្តដល់មន្រ្តីដែលបម្រើការជាមួយគ្នា
AKPភ្នំពេញថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៦– អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានជំរុញឱ្យ លោក លោកស្រី ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់យកចំណេះដឹងទៅបម្រើការងារជូនអង្គភាព ចែករំលែកបន្តដល់មន្រ្តីដែលបម្រើការងារជាមួយគ្នា និងត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របទៅតាមគោលការណ៍ណែនាំ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គាធិការដ្ឋាន នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនពាក់ព័ន្ធការងាររៀបចំផែនការសកម្មភាពប្រចាំឆ្នាំដល់នាយកដ្ឋានទាំងអស់ចំណុះអគ្គាធិការដ្ឋាន និងបានជំរុញឱ្យលោក លោកស្រី ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់យកចំណេះដឹងទៅបម្រើការងារជូនអង្គភាព ចែករំលែកបន្តដល់មន្រ្តីដែលបម្រើការងារជាមួយគ្នា និងត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របទៅតាមគោលការណ៍ណែនាំ ដើម្បីភាពរីកចម្រើនរបស់អង្គភាព។


ក្នុងឱកាសនេះ ឯកឧត្តមអគ្គាធិការបានប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់ថ្នាក់ដឹកនាំ និងនាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន ដើម្បីទុកប្រើប្រាស់តាមតម្រូវការរបស់អង្គភាព៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





