ប្រតិភូអង្គការយូនីសេហ្វ ធ្វើទស្សនកិច្ចក្លិបសិក្សាឌីជីថលក្រៅម៉ោង នៅសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប
AKPភ្នំពេញថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៦– កាលពីពេលថ្មីៗនេះតំណាងមកពីអង្គការយូនីសេហ្វ បានចុះធ្វើដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សាកេសរារាម ក្រុងសៀមរាប ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីសកម្មភាព និងការអនុវត្តជាក់ស្តែងនៃក្លិបសិក្សាក្រៅម៉ោងស្តីពីការប្រើប្រាស់បច្ចេកវិទ្យារបស់ប្អូនៗសិស្សានុសិស្សបឋមសិក្សា ដែលសាលាបាន និងកំពុងអនុវត្តយ៉ាងជោគជ័យ ប្រកបដោយការច្នៃប្រឌិតខ្ពស់។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារអង្គការយូនីសេហ្វបានទស្សនាការធ្វើបទបង្ហាញរបស់សិស្សានុ សិស្សអំពីសមិទ្ធផលហ្គេមអប់រំដែលពួកគេបានបង្កើតឡើងដោយជោគជ័យ និងបានធ្វើបទសម្ភាសន៍យ៉ាងលម្អិតជាមួយគណៈគ្រប់គ្រងសាលា (នាយក និងនាយករង) ជុំវិញការគាំទ្រ និងការជំរុញនិរន្តរភាពនៃក្លិបសិក្សាក្រៅម៉ោង។


តាមរយៈការចុះពិនិត្យ និងឈ្វេងយល់យ៉ាងស៊ីជម្រៅនេះ តំណាងយូនីសេហ្វមានការចាប់អារម្មណ៍ខ្លាំង និងបានសម្តែងការកោតសរសើរចំពោះភាពវៃឆ្លាត ភាពក្លាហានក្នុងការធ្វើបទបង្ហាញ និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យារបស់កុមារកម្ពុជា។ ក្រុមការងារយូនីសេហ្វបានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងបានជំរុញលើកទឹកចិត្តឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ខិតខំប្រឹងប្រែងបន្តដំណើរការដ៏ល្អនេះទៅមុខទៀត។
គួររំលឹកថា តាមរយៈការអនុវត្តយ៉ាងសកម្មកន្លងមក ក្រោមការសម្របសម្រួលរបស់នាយកដ្ឋានបរិវត្តកម្មឌីជីថលក្រសួងអប់រំ យុវជន និងកីឡា ក្រុមកុមារីដ៏វៃឆ្លាតនៃសាលាបឋមសិក្សាកេសរារាមបានក្លាយជាម្ចាស់ជ័យលាភី «ក្រុមសហការគ្នាល្អបំផុត» នៅក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិឆ្នាំ២០២៥ នៃ “កម្មវិធីអប់រំបង្កើតហ្គេម” ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីភាពជោគជ័យនៃការបញ្ជ្រាបចំណេះដឹងឌីជីថលដល់កុមារតាំងពីវ័យក្មេង។


ក្រសួងអប់រំ យុវជន និងកីឡាបានហៅក្លិបសិក្សាឌីជីថលក្រៅម៉ោងនេះថាជាវេទិកាដ៏មានសារៈសំខាន់បំផុតក្នុងការបណ្តុះបំណិនសតវត្សរ៍ទី២១ ដោយបាន និងកំពុងបំប្លែងកុមារកម្ពុជាពីត្រឹមតែជា «អ្នកប្រើប្រាស់បច្ចេកវិទ្យា» ឱ្យក្លាយទៅជា «អ្នកបង្កើតប្រកបដោយនវានុវត្តន៍»។ ការខិតខំប្រឹងប្រែងនេះ គឺឆ្លើយតបយ៉ាងសកម្មទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





