កិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំឯកសារស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦–
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំឯកសារស្ដីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ព្រមទាំងក្រុមការងារលេខាធិការដ្ឋានកែទម្រង់សាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ ។

អង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់ និងផ្ដល់ធាតុចូលដ៏មានសារសំខាន់ជាច្រើន ដែលជាការតម្រង់ទិសសម្រាប់ធ្វើការបន្ដរៀបចំឯកសារស្ដីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអភិវឌ្ឍន៍ជនបទ ឱ្យបានគ្រប់ជ្រុងជ្រោយ មានសង្គតិភាពជាមួយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងឱ្យស្របតាមវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





