អង្គការ JICA បានប្រគល់ឧបករណ៍ស្ទង់ការលេចធ្លាយទឹកដល់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញដើម្បីចូលរួមចំណែកកាត់បន្ថយការបាត់បង់ទឹកស្អាត!
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦-- លោកស្រី មីយ៉ាស៊ីតា អាគីកុ តំណាងជាន់ខ្ពស់ ការិយាល័យចៃកា ប្រចាំកម្ពុជា បានប្រគល់ឧបករណ៍ស្ទង់ការលេចធ្លាយទឹកជូន លោក ផេង ទី អគ្គនាយករង និងជាតំណាង រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ (រ.ទ.ស.ភ) ដើម្បីគាំទ្រដល់កិច្ចខិតខំរបស់ រ.ទ.ស.ភ ក្នុងការធ្វើឲ្យប្រសើឡើងនូវ ការផ្គត់ផ្គង់ទឹកស្អាត។ពិធីប្រគល់ និងទទួលឧបករណ៍ស្ទង់ការលិចធ្លាយទឹកនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឧបករណ៍ស្ទង់ការលិចធ្លាយទឹករបស់ រ.ទ.ស.ភ មានមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដើម្បីស្វែងរក និងជួសជុលបំពង់ទឹកដែលលេចធ្លាយឲ្យបានទាន់ពេលវេលា ដែលបណ្តាលឲ្យមានអត្រាបាត់បង់ទឹកស្អាតនៅមានកម្រិតខ្ពស់។អង្គការ JICAរំពឹងថា ឧបករណ៍ដែលផ្តល់ជូន រ.ទ.ស.ភ ទ នាពេលនេះនឹងចូលរួមចំណែកដល់ការពង្រឹងសមត្ថភាពរបស់ រ.ទ.ស.ភ ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតបានកាន់តែប្រសើរដល់ប្រជាជនក្នុងរាជធានីភ្នំពេញ។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងភាពជាដៃគូជាយុទ្ធសាស្រ្ត រយៈពេលយូរជាមួយរាជរដ្ឋាភិបាលកម្ពុជា។នេះបើយោងតាម អង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ វាសនា





