រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវឱ្យប្រតិបត្តិករទឹកស្អាតឯកជនចាប់យកបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦—រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី បានអំពាវនាវឱ្យប្រតិបត្តិករទឹកស្អាតឯកជនពង្រឹងកិច្ចសហការចាប់យកបច្ចេកវិទ្យា និងពន្លឿនការពង្រីកសេវា ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាតឱ្យបានខ្លាំងក្លាបន្ថែមទៀត។
នេះជាលើកឡើងរបស់ឯកឧត្តមនៅក្នុងសន្និបាតលើកទី១៤ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់ បន្តពង្រឹងសមត្ថភាពស្ថាប័ន លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប អភិវឌ្ឍជំនាញបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម ពិសេសដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់ឱ្យនៅកម្រិតអប្បរមា ព្រមទាំងពង្រីកសេវា ដើម្បីឱ្យពលរដ្ឋទាំងអស់ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនទទួលបានសេវាទឹកស្អាតប្រើប្រាស់។

ឯកឧត្តមបានបន្ថែមថា កិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងបន្តជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចពីតួនាទីសំខាន់របស់សមាគម ជាដៃគូសហការគន្លឹះរបស់ក្រសួង ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា ដែលគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។

ឯកឧត្តមបានលើកឡើងថា៖ “សមិទ្ធផលដែលសមាគម និងសមាជិកសមាគមសម្រេចបាន គឺជាការរួមចំណែកសំខាន់ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់អ្នកប្រើប្រាស់ទូទៅ និងដល់សកម្មភាពសេដ្ឋកិច្ចនានា ដូចជាវិស័យឧស្សាហកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្មឱ្យកាន់តែរីកចម្រើន។”
គួររំលេចផងដែរថា ក្នុងឆ្នាំ២០២៥ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួន ដោយពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ពង្រីកកម្មវិធីបណ្តុះបណ្តាលដល់សមាជិក និងគាំទ្រការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅកាន់សហគមន៍។
ដោយ៖ ស្រីពេជ្រ





