ឯកឧត្តម នួន ផារ័ត្ន ចូលរួមពិធីបើកសន្និបាតសមាគមកែលម្អជីវភាពកសិករប្រចាំឆ្នាំ២០២៥ក្រោមក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប
AKP កំពង់ធំ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុង ពិធីបើកសន្និបាតសមាគមកែលម្អជីវភាពកសិករប្រចាំឆ្នាំ២០២៥ ក្រោមក្របខ័ណ្ឌគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ដោយមានការ ចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំគម្រោង និងទីប្រឹក្សាថ្នាក់ជាតិ ថ្នាក់ខេត្ត អ្នកផ្តល់សេវា និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ មកពី២៧០ឃុំ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុកនៃសាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា សមាគមកែលម្អជីវភាពកសិករ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈការពង្រឹង ក្រុមកែលម្អជីវភាពប្រមាណ ១៩០៦ក្រុម នៅក្នុងខេត្តគោលដៅទាំង៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង) ដែលបាន និងកំពុងផ្តល់ទុនបង្វិល និងកម្ចីអត្រាការប្រាក់ទាបដល់សមាជិកក្រុម ដើម្បីបង្កើតមុខរបរ បង្កើនចំណូល និងកាត់បន្ថយហានិភ័យ។

ឯកឧត្តមបន្តថា សន្និបាតនេះអាចឱ្យលោក លោកស្រី ថ្នាក់ដឹកនាំគម្រោង និងទីប្រឹក្សាគ្រប់គ្រងគម្រោង សេវាករជាជំនាញ និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ មកពី២៧០ឃុំ/សង្កាត់ បានយល់ដឹងបន្ថែមទៀត ដើម្បីពិនិត្យតាមដានលើបទបង្ហាញ សំខាន់រួមមាន៖ ទី១. របាយការណ៍រីកចម្រើន និងរបាយការណ៍ហិរញ្ញវត្ថុក្រុមកែលម្អជីវភាព ឆ្នាំ២០២៥។ ទី២. របាយការណ៍ហិរញ្ញវត្ថុរបស់សមាគមឆ្នាំ២០២៥។ ទី៣. របាយការណ៍មូលនិធិគាំពារក្រុមកែលម្អជីវភាពកសិករ។ ទី៤.ពិនិត្យ និងអនុម័តលើផែនការសកម្ម និងថវិកាប្រចាំឆ្នាំ២០២៦ និងទី៥.ផែនការយុទ្ធសាស្ត្រ គោលការណ៍ការពិនិត្យនិងកែប្រែលក្ខន្តិក និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានផ្តាំផ្ញើដល់ លោក លោកស្រី ទីប្រឹក្សាគម្រោង សេវាករ ក្រុមប្រឹក្សាភិបាលសមាគម និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ សង្កាត់ទាំងអស់ បន្តការយកចិត្តទុកដាក់ក្នុងការជួយតម្រង់ទិសដៅសមាគម និងជួយដោះស្រាយបញ្ហា នានាដែលកើតមានទ្បើងក្នុងសមាគម ដើម្បីរក្សានូវនិរន្តរភាព ភាពរីកចម្រើនដល់ ក្រុមកែលម្អជីវភាព៕

ដោយ ស៊ុម វណ្ណា





