រដ្ឋមន្ត្រីក្រសួងអប់រំ៖ ក្រសួងនឹងបន្តជំរុញការងារកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦—រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តជំរុញការងារកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពសម្រាប់កម្ពុជា។
ក្នុងកិច្ចប្រជុំស្តីពីការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធឱ្យរៀបចំយន្តការប្រជុំជាប្រចាំ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន ក៏ដូចជាពិនិត្យដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំ។

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការងារនេះត្រូវធ្វើឡើងតាមរយៈការពិនិត្យឡើងវិញលើសមាសភាព ការរៀបចំតួនាទី និងភារកិច្ចបុគ្គលិកអប់រំ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្ត ព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីធានាថាការពិនិត្យតួលេខមានភាពត្រឹមត្រូវ និងតម្លាភាព។ ទន្ទឹមនឹងនេះ ត្រូវបន្តសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅលើបញ្ហាប្រឈមនានា ជាពិសេសនៅតាមតំបន់ជួបការលំបាក ដើម្បីដាក់ចេញនូវវិធានការគាំទ្រឱ្យចំគោលដៅ ក៏ដូចជារៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយទាំងខ្លឹមសារពេញលេញ និងសេចក្តីសង្ខេបដើម្បីងាយស្រួលក្នុងការពិនិត្យ។

ឯកឧត្តមបានឱ្យដឹងថា គោលបំណងសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអប់រំ រួមមាន ការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពការងារ៖ រៀបចំរចនាសម្ព័ន្ធ និងមុខងារឱ្យមានភាពច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃវិស័យអប់រំទំនើប និងចៀសវាងការជាន់តួនាទីគ្នា។ ការលើកកម្ពស់វិជ្ជាជីវៈ និងគន្លងអាជីពគ្រូបង្រៀន៖ បង្កើតក្របខណ្ឌគតិយុត្ត និងលក្ខន្តិកៈដោយឡែក ដើម្បីផ្តល់តម្លៃ លើកទឹកចិត្ត និងផ្តល់ឱកាសអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំផ្អែកលើស្នាដៃពិតប្រាកដ។

ការធានាសមធម៌ក្នុងការបែងចែកធនធាន៖ បែងចែកធនធានគ្រូបង្រៀន និងថវិកាឱ្យចំគោលដៅ ជាពិសេសសម្រាប់សាលារៀននៅតំបន់ជួបការលំបាក។ ការធ្វើទំនើបកម្មគ្រប់គ្រងធនធានមនុស្ស៖ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង ដើម្បីគ្រប់គ្រងវត្តមាន និងទិន្នន័យបុគ្គលិកឱ្យមានតម្លាភាព និងសុក្រឹតភាព។ ការជំរុញសមិទ្ធកម្មតាមរយៈការលើកទឹកចិត្ត៖ ដាក់ចេញនូវយន្តការលើកទឹកចិត្តផ្អែកលើលទ្ធផលការងារ ដើម្បីបង្កើនស្មារតីទទួលខុសត្រូវ និងគុណភាពក្នុងការរៀន និង
បង្រៀន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





