សិក្ខាសាលាស្តីពីយន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលរៀនកម្រិតបរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦—នាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សាក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពីយន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលរៀនកម្រិតបរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ រយៈពេល២ថ្ងៃ ថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំអំពីយន្តការ និងនីតិវិធីនៃការជ្រើសរើសដល់តំណាងមន្ទីរអប់រំ យុវជន និងកីឡា និងវិទ្យាល័យចំណុះរាជធានី ខេត្តទាំង៩ ដើម្បីទទួលបានចំណេះដឹងច្បាល់លាស់ និងគ្រប់ជ្រុងជ្រោយក្នុងការយកទៅផ្សព្វផ្សាយ និងណែនាំ ក៏ដូចជាជំរុញដល់សិស្សថ្នាក់ទី១២ ឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបំពេញពាក្យស្នើសុំបានត្រឹមត្រូវ។

ថ្លែងបើកសិក្ខាសាលាដែលមានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខេត្តបាត់ដំបង ស្វាយរៀង កំពត កែប តាកែវ ប៉ៃលិន មណ្ឌលគិរី ខេត្តកោះកុង និងវិទ្យាល័យចំណុះ លោក គង់ ភូមីកា ប្រធាននាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សាក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថាសិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគោលដៅបង្កើនអត្រាចុះឈ្មោះចូលរៀននៅឧត្តមសិក្សាប្រកបដោយសមធម៌ ។

ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០២៤-២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានផ្តល់អាហារូបករណ៍ក្នុងឆ្នាំ២០២៦ សរុបចំនួន
១០.៥៥៤នាក់ ដែលបែងចែកជា៧ប្រភេទអាហារូបករណ៍រួមមាន៖
១. សិស្សទូទៅទាំងពីរភេទចំនួន ៦.២០៦នាក់
២. សិស្សនារីចំនួន ១.៥០៣នាក់
៣. សិស្សក្រីក្រចំនួន ១.៩១៩នាក់
៤. សិស្សរស់នៅតំបន់ដាច់ស្រយាលចំនួន ៩២៥នាក់
៥. សិស្សមានពិការភាព
៦. សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា
៧. សិស្សថ្នាក់ពីរភាសាបារាំង-ខ្មែរ
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





