កម្ពុជា-ជប៉ុន សហការគ្នាជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦—ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូវិនិយោគិនជប៉ុន បានបើកកិច្ចពិភាក្សាដើម្បីពង្រឹងបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាពិសេសលើវិស័យឧស្សាហកម្ម និងរោងចក្រកែច្នៃកសិផល សំដៅជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារជប៉ុនបន្ថែមទៀត។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Kohei Wakabayashi ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន។
យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងតំណាងស្ថាប័ន JETRO បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងពាណិជ្ជកម្ម និង JETRO ដោយបានកត់សម្គាល់អំពីកាលានុវត្តភាពនៃការពង្រឹងបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាពិសេសលើវិស័យឧស្សាហកម្ម និងរោងចក្រកែច្នៃកសិផល ដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុនឱ្យកាន់ច្រើនបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ លោក Kohei Wakabayashi បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសម្រួលពាណិជ្ជកម្ម និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ធុរកិច្ចជន និងវិនិយោគិនជប៉ុននៅកម្ពុជា។
ដោយ៖ ស្រីពេជ្រ





