អភិបាលស្រុកប្រាសាទសំបូរ ជំរុញលើកកម្ពស់សន្តិសុខគ្រួសារ និងការផ្ដល់តម្លៃដល់ស្ត្រី
AKP កំពង់ធំ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦--លោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរបានជំរុញលើកកម្ពស់ សន្តិសុខគ្រួសារ និងការផ្ដល់តម្លៃដល់ស្ត្រីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨ មីនា ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ" នៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

លោក ឃីម សុខឃាង បានលើកឡើងថា ការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម មិនមែនជារឿងដាច់ដោយឡែកពីគ្រួសារនោះទេ "សន្តិសុខសង្គម ត្រូវផ្ដើមចេញពី សន្តិសុខគ្រួសារជាមុនសិន"។ កាលណាគ្រួសារមានភាពកក់ក្ដៅ គ្មានអំពើហិង្សា និងមានការយោគយល់គ្នា នោះស្ត្រីនឹងមានឱកាសពេញលេញក្នុងការចូលរួមអភិវឌ្ឍន៍ សហគមន៍ឱ្យមានសុវត្ថិភាព និងការរីកចម្រើន។

លោកអភិបាលបានសង្កត់ធ្ងន់លើការកសាងទំនុកចិត្តរវាងគ្នា និងគ្នាក្នុងសមាជិកគ្រួសារ។ ក្នុងជីវិតគ្រួសារ ការបាត់បង់ទ្រព្យសម្បត្តិយើងអាចរកមកវិញបាន ប៉ុន្តែបើសិនជាបាត់បង់ទំនុកចិត្តលើគ្នាហើយ នោះសុភមង្គលក៏មិនអាចស្ថិតស្ថេរបានដែរ។ លោកបានដាស់តឿនឱ្យសមាជិកគ្រួសារទាំងអស់ត្រូវចេះផ្ដល់ភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមកនិងរក្សាភាពស្មោះត្រង់ជាមូលដ្ឋានគ្រឹះ។

លោកអភិបាលស្រុកក៏បានផ្ញើសារអប់រំយ៉ាងសំខាន់ដល់បុរសៗ ដែលជាមេគ្រួសារ ត្រូវចេះរៀបចំរចនាសម្ព័ន្ធគ្រួសារឱ្យមានសណ្ដាប់ធ្នាប់និងត្រូវផ្ដល់តម្លៃខ្ពស់ដល់ស្ត្រីជាភរិយា។ ការសម្រេចចិត្តរួមគ្នា បុរសត្រូវបើកចិត្តឱ្យទូលាយ និងផ្ដល់ឱកាសឱ្យស្ត្រីមានសិទ្ធិ សម្រេចចិត្តក្នុងកិច្ចការគ្រួសារ និងសង្គម។ ការផ្ដល់តម្លៃ ការគោរព និងផ្ដល់តម្លៃដល់ភរិយា គឺជាគំរូដ៏ល្អសម្រាប់កូនៗ និងជាកម្លាំងចិត្តជុំរុញឱ្យស្ត្រីហ៊ានបញ្ចេញសមត្ថភាព។

លោក ឃីម សុខឃាង បានបន្ថែមថា"សន្តិសុខគ្រួសារ គឺជាខែលការពារដ៏រឹង មាំបំផុតសម្រាប់ស្ត្រី និងកុមារ។ បើគ្រួសារនីមួយៗក្នុងស្រុកប្រាសាទសំបូរយើងរឹងមាំ សង្គមជាតិយើងក៏រឹងមាំដូចគ្នា"។ លោកអភិបាលស្រុកបានជូនពរដល់បងប្អូនស្ត្រីទាំងអស់ សូមឱ្យទទួលបាននូវសិទ្ធិសេរីភាព ជោគជ័យក្នុងភារកិច្ច និងបន្តជាកោសិកា នៃសន្តិភាពក្នុងគ្រួសារជារៀងរហូតតទៅ៕
ដោយ ស៊ុម វណ្ណា





