ស្ពានដំរីផុង ចាប់ផ្ដើមបើកការដ្ឋានសាងសង់ជា ស្ពានបេតុងហើយ!!
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបើកការដ្ឋានស្ថាបនាស្ពានបេតុង ១កន្លែង (ស្ពានដំរីផុង) ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោកនាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៥ ។ 
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ស្ពានដំរីផុងនេះ គឺជាចំណងដៃថ្មីស្រឡាងមួយ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រគល់ជូន បងប្អូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងគោលដៅពហុបំណងបានគ្រប់រដូវកាល ធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេស វាជាសសៃឈាមសេដ្ឋកិច្ច ក្នុងការតភ្ជាប់ធុរកិច្ចពីតំបន់មួយទៅតំបន់មួយ និងកាត់បន្ថយភាពក្រីក្រ។ បន្ទាប់ពីស្ពានដំរីផុងនេះបានស្ថាបនារួចរាល់ ប្រជាជននឹងអាចធ្វើដំណើរឆ្លងកាត់ បានគ្រប់រដូវកាល និងពហុបំណង ដោយពុំមានកង្វល់អំពីការលំបាកនៅរដូវវស្សាទៀតឡើយ យើងពិតជាមានមោទកភាព ចំពោះប្រជាជនដែលរស់នៅតំបន់នេះ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរឆ្លងកាត់ ជាពិសេស វានឹងចូលរួមចំណែកដោយផ្ទាល់និងប្រយោល ក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិនាពេលអនាគត។

លើសពីនេះ ស្ពានេះនឹងផ្តល់នូវសក្តានុពលដោយត្រង់ និងដោយប្រយោល ដូចជា៖ ការធ្វើសមាហរណកម្មរវាងជនបទ និងទីក្រុង ការចំណាយលើថ្លៃដឹកជញ្ជូនត្រូវបានកាត់បន្ថយពេលវេលាធ្វើដំណើរត្រូវបានកាត់បន្ថយ និងមានផាសុកភាព ជាពិសេសការកាត់បន្ថយនិងលុបបំបាត់ភាពក្រីក្រ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នេះឱ្យមានភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រជាជននឹងមានលទ្ធភាពនិងកាលានុវត្តភាពថ្មីៗ ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរិមា ពីការតភ្ជាប់ស្ពានដំរីផុងមួយនេះ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យោគយល់ អធ្យាស្រ័យ និងសហការជាមួយក្រុមការងារស្ថាបនា ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារខាងលើ៕


ដោយ៖ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





