ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការរដ្ឋសភាហុងគ្រីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរង្វែង
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការរដ្ឋសភាហុងគ្រីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ព្រមទាំងបានរំលឹកអំពីការរីកចម្រើននៃទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការរក្សាកិច្ចសន្ទនារវាងគ្នាទៅវិញទៅមក។

ក្នុងជំនួបនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត György Such អគ្គលេខាធិការរដ្ឋសភាហុងគ្រីក្រៅពីការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏បានពិភាក្សារិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជាក់ស្តែងបន្ថែមទៀត ជាពិសេសក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កជាបញ្ហាប្រឈមដែលកំពុងកើនឡើងចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ ដោយបានផ្តោតសារៈសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ប្រយោជន៍រួម រួមមាន ការទូត សេដ្ឋកិច្ច ថាមពល អប់រំ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាលើបញ្ហាតំបន់ដែលជាកង្វល់រួម។

ក្រោយជំនួប ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ទស្សនកិច្ចសិក្សា កិច្ចសន្ទនាវិជ្ជាជីវៈ និងសកម្មភាពកសាងសមត្ថភាព ក្នុងគោលដៅបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ស្ថាប័នទាំងពីរ និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





