ចិននឹងលើកកម្ពស់កំណើនពាណិជ្ជកម្មដែលមានតុល្យភាពដោយការនាំចេញប្រកបដោយស្ថិរភាពនៅក្នុងឆ្នាំនេះ
AKP ប៉េកាំង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក វ៉ាង វិនតៅ (Wang Wentao) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រម្សិលមិញនេះថា ប្រទេសចិននឹងលើកកម្ពស់កំណើនពាណិជ្ជកម្មដែលមានតុល្យភាពនៅក្នុងឆ្នាំនេះ ដោយធ្វើឱ្យការនាំចេញមានស្ថេរភាព ខណៈដែលនឹងចែករំលែកឱកាសកាន់តែច្រើននៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន។
លោក វ៉ាង បាននិយាយថា នៅពេលដែលប្រទេសមួយចំនួនចាត់ទុកទីផ្សារជាកត្តានៃកិច្ចចរចា ប្រទេសចិនកំពុងបើកទីផ្សារដ៏ធំទូលាយរបស់ខ្លួនយ៉ាងសកម្ម និងប្រែក្លាយវាទៅជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការដោយសន្យាថានឹងនាំចូលផលិតផលកសិកម្ម ទំនិញប្រើប្រាស់លំដាប់ខ្ពស់ឧបករណ៍ទំនើបៗ និងគ្រឿងបន្លាស់សំខាន់ៗបន្ថែមទៀត។
បច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសនិងតំបន់ជាង១៦០ នៅទូទាំងពិភពលោក។ ប្រទេសចិនមិនមានតម្រូវការ ឬចេតនាក្នុងការស្វែងរកគុណសម្បត្តិប្រកួតប្រជែងក្នុងពាណិជ្ជកម្មបរទេសតាមរយៈការធ្លាក់ចុះនៃរូបិយប័ណ្ណរបស់ខ្លួននោះទេ បើទោះជាប្រាក់យន់បានកើនឡើងធៀបនឹងប្រាក់ដុល្លារអាម៉េរិករហូតមកដល់ពេលនេះក៏ដោយ។
នៅក្នុងសន្និសីទសារព័ត៌មាននោះ មន្ត្រីជាន់ខ្ពស់រូបនេះក៏បានគូសបញ្ជាក់ផងដែរអំពីវិធានការដើម្បីលើកកម្ពស់ការបើកចំហស្តង់ដារខ្ពស់នៅក្នុងឆ្នាំនេះ ដោយលោក វ៉ាង បាននិយាយថា ប្រទេសចិននឹងពង្រីកការចូលទៅកាន់ទីផ្សារសេវាកម្មរបស់ខ្លួន រួមទាំងកម្មវិធីសាកល្បងនៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាជីវសាស្ត្រ ក៏ដូចជានៅក្នុងមន្ទីរពេទ្យដែលគ្រប់គ្រងដោយបរទេសទាំងស្រុង។
ទន្ទឹមនឹងនេះដែរ លោក វូ ឈីង (Wu Qing) ប្រធានគណៈកម្មការនិយតកម្មមូលបត្រចិន បាននិយាយថា អាជ្ញាធរនឹងខិតខំបង្កើតបរិយាកាសទីផ្សារដែលមានតម្លាភាព មានស្ថិរភាព និងអាចព្យាករណ៍បានកាន់តែច្រើនដើម្បីបំពេញតម្រូវការរបស់វិនិយោគិនសកលលោកចំពោះទ្រព្យសកម្មរបស់ប្រទេសចិន៕
ដោយ៖ យា ចិន្ដាខន្ដី (រូបភាព៖ ស៊ីនហួ)





