ពានបាល់ទះសម្តេចក្រឡាហោម ស ខេង រដូវកាល ២០២៦ រកឃើញក្រុមខ្លាំងៗផ្នែកនារីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦--ការប្រកួតកីឡាបាល់ទះវិញ្ញាសានារី ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ រដូវកាល ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកបានបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានរកឃើញក្រុមខ្លាំងៗចំនួន៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបាល់ទះនារីគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ះក្រុមមន្ទីរអប់រំខេត្តពោធិ៍សាត់ ខណៈក្រុមអកសមុទ្រ ប៉ះក្រុមសមាគមបាល់ទះក្រសួងមហាផ្ទៃ។ ចំពោះសមាសភាពក្រុមខ្លាំងទាំង៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាក្រុមចំណាត់ថ្នាក់លេខ១ មាន៩ពិន្ទុ ក្នុងពូលA ក្រោយឈ្នះគូប្រជែងទាំង៣ប្រកួត ខណៈក្រុមមន្ទីរអប់រំខេត្តពោធិ៍សាត់ ជាក្រុមចំណាត់ថ្នាក់លេខ២ ក្នុងពូល B ក្រោយឈ្នះ២ប្រកួត ចាញ់១ មាន៦ពិន្ទុ។ ចំពោះក្រុមអកសមុទ្រ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងពូល B បន្ទាប់ពីបានយកឈ្នះគូប្រកួតរបស់ខ្លួនទាំង៣ប្រកួត ទទួលបាន៩ពិន្ទុ ខណៈក្រុមសមាគមបាល់ទះក្រសួងមហាផ្ទៃ ឈរលេខ២ ក្នុងពូលA ជាមួយ៦ពិន្ទុ ក្រោយឈ្នះ២ប្រកួត និងចាញ់១ប្រកួត។

គួររម្លឹកថា ចំពោះលទ្ធផល៤ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល A និងពូល B ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ រួមមាន៖ ក្រុមមន្ទីរអប់រំខេត្តពោធិ៍សាត់បានយកឈ្នះក្រុមមន្ទីរអប់រំខេត្តកណ្តាល ដោយលទ្ធផលបច្ចេកទេស ៣សិត០, ក្រុម CIA First បានយកឈ្នះក្រុម MahaJak ៣សិត០, ក្រុមមន្ទីរអប់រំរាជធានីភ្នំពេញ បានចាញ់ក្រុមអកសមុទ្រ ០ទល់៣សិត ខណៈក្រុមនារីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកឈ្នះក្រុមសមាគមបាល់ទះក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់១សិត។

គួរបញ្ជាក់ជូនថា ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ រដូវកាល ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកបានដំណើរការប្រកួតពីថ្ងៃទី០៧ ខែកុម្ភៈដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ក្រោមការរៀបចំពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយវិញ្ញាសាបាល់ទះបុរសមាន៣២ក្រុមចូលរួម ដោយនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះនឹងត្រូវបន្តការប្រកួតវគ្គ៨ក្រុមចុងក្រោយ ដើម្បីស្វែងរក៤ក្រុមចុងក្រោយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៧ខែកុម្ភៈ។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងថ្ងៃទី០១ ខែមីនាខាងមុខទាំងនារី និងបុរស ដោយផ្នែកនារីធ្វើឡើងនាវេលាម៉ោង៤ល្ងាច ខណៈបាល់ទះបុរស នឹងធ្វើឡើងវេលាម៉ោង ៦ល្ងាច ហើយរៀបចំពិធីប្រគល់ពាន និងបំពាក់មេដាយអមជាមួយការប្រគល់ប្រាក់រង្វាន់អមជ័យលាភីឯកត្តជន-ក្រុម សរុប ១២៧លានរៀល៕

ដោយ ហេង ណាលីន (រូបភាព៖ សហព័ន្ធ)





