ការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកខេត្តកណ្តាល ចាប់ផ្តើមដំណើរការស្វែងរកធនធានឆ្នើមៗប្រចាំឆ្នាំ២០២៥-២០២៦
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦--ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានដំណើរការប្រកួតជម្រុះកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ ដើម្បីស្វែងរកធនធានកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានគូសបញ្ជាក់ថា ការប្រកួតនេះរៀបចំលើ៥ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម។ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ កីឡាការិនីនៃប្រភេទកីឡាទាំង៥នេះក្នុងការត្រៀមចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៩ ខែឧសភា ឆ្នាំ២០២៦។

លោក ពៅ វណ្ណា បន្ថែមថា សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នាំនេះ រួមមាន៖ កីឡាបាល់ទាត់មាន១៣ ក្រុម (ក្រុមបាល់ទាត់កុមារា ៩ក្រុម និងក្រុមបាល់ទាត់កុមារី ៤ក្រុម។ កីឡាបាល់ទះមាន ៨ ក្រុម គឺក្រុមបាល់បោះកុមារា ៤ក្រុម ក្រុមបាល់បោះកុមារី ៤ក្រុម កីឡាបាល់ទះមាន ៨ក្រុម ក្រុមបាល់ទះកុមារា ៥ក្រុម ក្រុមបាល់ទះកុមារី ៣ក្រុម ខណៈប្រភេទកីឡាប៉េតង់មាន ៩ក្រុម គឺក្រុមប៉េតង់កុមារា ៥ក្រុម ក្រុមប៉េតង់កុមារី ៤ក្រុម និងកីឡាអត្តពលកម្មមាន ៩ក្រុមស្មើ ៩០នាក់៕


ដោយ ហេង ណាលីន





