ជើងខ្លាំងអុកចត្រង្គ សុខ លីមហេង បន្តឈ្នះជើងឯកថ្នាក់ជាតិម្តងទៀត ដែលជាការគ្រប់គ្រង៦សម័យកាលរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦--ជើងខ្លាំងកីឡាអត្តសញ្ញាណជាតិខ្មែរអុកចត្រង្គ សុខ លីមហេង នៅតែបង្ហាញភាពខ្លាំងដ៏លេចធ្លោ ដោយបានបន្តឈ្នះពានរង្វាន់ជើងឯក មេដាយមាស នៅក្នុងការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ម្តងទៀត ដែលជាការគ្រប់គ្រងជើងឯក៦សម័យកាលរបស់ខ្លួន ដោយការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ថ្នាក់ជាតិមួយនេះបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

នៅក្នុងការប្រកួតប្រជែងកម្រិតគុណភាពបច្ចេកទេសខ្ពស់បំផុតរបស់ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នេះ នៅក្នុងចំណោមកីឡាករចូលរួមសរុប ៦៥នាក់មកពី១៨ក្លឹបទូទាំងប្រទេស ជើងខ្លាំងវ័យក្មេង សុខ លីមហេង ដែលគ្រងជើងឯក នៅឆ្នាំទី៦របស់ខ្លួននេះ គឺបន្ទាប់ពីបានយកឈ្នះកីឡាករ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រដ៏ជក់ចិត្តបំផុត។

ម្ចាស់ជើងឯក សុខ លីមហេង គូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅក្រោយបញ្ចប់ពិធីបំពាក់មេដាយមាសថា ៖«នៅក្នុងការប្រកួតប្រជែងសម័យកាលនេះមានការវិវឌ្ឍខ្លាំង ជាពិសេសនៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ ខ្ញុំមានសម្ពាធក្នុងអារម្មណ៍តានតឹងខ្លាំង ទម្រាំងបានឈ្នះជើងឯកមួយនេះ។ កីឡាករ៣រូប ដែលបានដាក់សម្ពាធខ្លាំងសម្រាប់ការប្រកួតជាមួយខ្ញុំ មានដូចជា កីឡាករ ជា ស៊ីដេត កីឡាករ ឆយ វីរ៉ា និង កីឡាករ ឈាវ បូរ៉ា ដែលសុទ្ធសឹងជាជើងខ្លាំង ដែលធ្លាប់ឈ្នះជើងឯកថ្នាក់ជាតិ និងជាអតីតស្តេចអុកផងដែរ»។

ជាមួយគ្នានេះ កីឡាករឆ្នើម សុខ លីមហេង បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋខ្មែរចូលរួមលេងកីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាប្រពៃណីខ្មែរឱ្យបានច្រើនកុះករ ពីព្រោះវិស័យកីឡានេះធ្វើឱ្យយើងចេះគិត វិភាគច្រើនបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើអ្វីមួយ ដោយវាប្រៀបដូចជាការធ្វើកិច្ចការ ឬរកស៊ីជំនួយជាដើម ដោយការបើកហ្គេមដំបូង គិតទាំងការដើរ ត្រី សាងផ្លូវ និងបញ្ចប់ទី។

ចំពោះប្រវត្តិប្រឡូកក្នុងការប្រកួតអុកចត្រង្គថ្នាក់ជាតិ និងអន្តរជាតិរបស់កីឡាករឆ្នើម សុខ លីមហេង កន្លងមក គឺធ្លាប់ឈ្នះមេដាយមាស១ ប្រាក់១ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា, ជើងឯកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២សម័យកាល ដែលទទួលបានងារជាស្តេចអុកចត្រង្គ ឆ្នាំ២០១៨ និងឆ្នាំ២០២៣ និងមេដាយមាស ជើងឯកថ្នាក់ជាតិ ៦សម័យកាល ក្នុងនោះឈ្នះមេដាយមាស ៥សម័យកាលជាប់ៗគ្នា និងរំលង១ឆ្នាំ ទើបឈ្នះមេដាយមាសម្តងទៀតឡើងវិញ។
ថ្លែងក្នុងពិធីបិទការប្រកួត លោក សេក សុភ័ក្រ្ត អគ្គលេខាធិការ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងជាតំណាងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបានលើកឡើងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ជាលើកទី៩ សម្រាប់ឆ្នាំ២០២៥ ដែលសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតនេះឡើងក្នុងគោលបំណងដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អក្នុងការលេងអុកចត្រង្គ សម្រាប់ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ក៏ដូចជាត្រៀមចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ គោលបំណងសំខាន់នៃការបង្កើតសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា គឺដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍន៍កីឡាអុកចត្រង្គដែលជាកេរមរតកជូនតាខ្មែរយើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង ថែរក្សាទុក និងដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក។
ជាមួយគ្នានេះ លោក ហូយ សូណា អគ្គលេខាធិការង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានជម្រាបជូនរបាយការណ៍ថា ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិនេះទទួលបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ ដោយមានកីឡាករកីឡាការិនីចូលរួម សរុបចំនួន៦៤ មកពីទូទាំងរាជធានីខេត្ត។ ការប្រកួតនេះប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការប្រកួតនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាអុកចត្រង្គ ដែលជាកេរ្តិ៍មរតករបស់ដូនតាឱ្យទទួលបាននូវលទ្ធផលល្អ៕
ដោយ ហេង ណាលីន





