ការប្រកួតកីឡាអុកចត្រង្គជើងឯកថ្នាក់ជាតិចាប់ផ្តើមដំណើរការស្វែងរកម្ចាស់ជើងឯកប្រចាំឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦--សហព័ន្ធកីឡាទុកចត្រង្គកម្ពុជាបានចាប់ផ្តើមដំណើរការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីរៀបចំពិធីចាប់ឆ្នោតចែកពូលកាលពីល្ងាចម្សិលមិញ។

លោក ហូយ សូណា អគ្គលេខាធិការរង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមិនខុសពីឆ្នាំមុនៗនោះទេ ដោយសារតែសហព័ន្ធបានលើកយកវិញ្ញាសាតែមួយប៉ុណ្ណោះ គឺវិញ្ញាសាឯកត្តជន ៦០នាទី ខណៈគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមប្រហាក់ប្រហែលគ្នានឹងឆ្នាំមុនដែរ។ ការប្រកួតប្រជែងនេះមានរយៈពេល៤ថ្ងៃ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ៦៤នាក់។

លោក ហូយ សូណា បានគូសបញ្ជាក់បបន្ថែមថា តាមរយៈព្រឹត្តិការណ៍ថ្នាក់ជាតិនេះ សហព័ន្ធជំនាញកីឡាព្រឹលឹងអត្តសញ្ញាញជាតិខ្មែរមួយនេះនឹងសម្លឹងមើលថាតើគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជ័យលាភីរូបណាខ្លះ ដែលត្រូវបានកត់សម្គាល់ និងត្រៀមដាក់បញ្ជូលក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ នាពេលខាងមុខ។ ការប្រកួតជើងឯកថ្នាក់ជាតិ ដែលជាការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិ ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ប៉ុន្តែក្រៅពីនេះក៏សហព័ន្ធ និងក្លឹបក្រោមឱវាទមួយចំនួនទៀតតែងតែសហការរៀបចំការប្រកួតកីឡាអុកចត្រង្គជាច្រើនទៀត ដើម្បីដុសខាត់សមត្ថភាពកីឡាករ កីឡាការិនីឱ្យកាន់តែមុតស្រួចបន្ថែម។

គួរបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥នេះបានធ្វើឡើងរយៈពេល៤ថ្ងៃពីថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ៦៤នាក់មកពី១៨ក្លឹបទូទាំងប្រទេស៕

ដោយ ហេង ណាលីន





