ពានសម្តេចតេជោ ហ៊ុន សែន វគ្គ១/៤ផ្តាច់ព្រ័ត្រគ្រោងប្រកួតជើងទី១ សប្តាហ៍ក្រោយនេះ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦--ការប្រកួតបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៩ រដូវកាល ២០២៥-២០២៦ បានបញ្ចប់វគ្គ១៦ក្រុមថ្នាក់ជាតិ សប្តាហ៍មុន ដោយត្រូវបន្តវគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិ ឬហៅថា វគ្គ១/៤ផ្តាច់ព្រ័ត្រ ដែលមានក្រុមខ្លាំងចំនួន៤គូ ដែលគ្រោងនឹងប្រកួតជើងទី១ នាថ្ងៃពុធសប្តាហ៍ក្រោយនេះតទៅ។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) បានឱ្យដឹងថា សម្រាប់៤គូ ដែលនឹងត្រូវប្រកួតប្រជែងសម្រាប់ជើងទី១ រួមមាន៖ ក្រុមគិរីវង់សុខសែនជ័យ ប៉ះ ព្រះខ័នរាជស្វាយរៀង ខណៈ អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ ក្រុមការពារម្ចាស់ជើងឯករដូវកាលមុន ភ្នំពេញក្រោន នាថ្ងៃទី២៥ ខែកុម្ភៈ ស្របពេលដែល២គូទៀតនឹងត្រូវប្រកួតនាថ្ងៃទី០៤ ខែមីនា ដោយ ក្រុមទ័ព ត្រូវជួប បឹងកេត ខណៈណាហ្គាវើលដ៍ ប៉ះវិសាខា។ ចំពោះជើងទី២ ផ្លាស់ប្តូរទឹកដីគ្នាវិញ គឺ២គូនឹងត្រូវប្រកួតប្រជែង នាថ្ងៃទី១១ ខែមីនា ខណៈ២គូទៀត គ្រោងនឹងប្រកួតកាត់សេចក្តី នាថ្ងៃទី១៨ ខែមីនាខាងមុខ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥-២០២៦នេះគ្រោងនឹងរៀបចំវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៤ ខែឧសភា ខាងមុខ ជាមួយនឹងពិធីប្រគល់ពានរង្វាន់ ការបំពាក់មេដាយបិទកម្មវិធីតែម្តង៕

ដោយ ហេង ណាលីន (រូបភាព៖ CNCC)





