រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុន Compass Advertising ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារបរទេស
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានស្នើឱ្យក្រុមហ៊ុន Compass Advertising ចូលរួមផ្សព្វផ្សាយរូបភាពវិជ្ជមាន និងសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈបណ្តាញ និងដៃគូរបស់ក្រុមហ៊ុននៅទីផ្សារបរទេស ជាពិសេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។
នេះជាការស្នើសុំរបស់ឯកឧត្តមនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន Compass Advertising Co., Ltd. កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនៅកម្ពុជា ព្រមទាំងរួមគ្នាបង្កើតតម្លៃបន្ថែមដល់ផលិតផល និងព្រឹត្តិការណ៍ទេសចរណ៍នានា សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

ជាមួយគ្នានេះ ឯកឧត្តមបានស្នើសុំឲ្យគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)» និងការជំរុញអំណាចទន់ (Soft Power) តាមរយៈទេសចរណ៍ភាពយន្ត ទស្សនាប្រាសាទនាពេលរាត្រី ទេសចរណ៍ម្ហូបអាហារ ការប្រគំតន្ត្រីអន្តរជាតិ ទេសចរណ៍កីឡា និងព្រឹត្តិការណ៍ទេសចរណ៍នានា។
បន្ថែមពីនេះ ឯកឧត្តមបានស្នើឱ្យមានការពង្រឹងកិច្ចសហការលើការទាក់ទាញសិល្បករ តារាចម្រៀង និងព្រឹត្តិការណ៍អន្តរជាតិល្បីៗមកកម្ពុជា ដោយប្រើប្រាស់បទពិសោធន៍ និងបណ្តាញដៃគូរបស់ក្រុមហ៊ុន ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ បង្កើនភាពរស់រវើកនៃគោលដៅ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តចូលរួមជាមួយក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) លើការធ្វើទីផ្សារ ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដើម្បីពង្រីកការចូលរួមពីទេសចរក្នុងស្រុក និងទាក់ទាញទេសចរអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ប្រចាំឆ្នាំ ដូចជា បុណ្យទន្លេ បុណ្យសមុទ្រ បុណ្យអេកូទេសចរណ៍ និងបុណ្យភ្នំ ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៀតដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ។
ដោយឡែក លោកស្រី ណេង ស៊ីណាត បានបង្ហាញពីបំណងពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍ និង CTB ដោយចូលរួមបង្កើតតម្លៃបន្ថែមដល់កម្មវិធី និងព្រឹត្តិការណ៍នានា ព្រមទាំងស្វែងយល់អំពីគម្រោង និងផែនការព្រឹត្តិការណ៍ទេសចរណ៍នាពេលខាងមុខ ដើម្បីសិក្សាលទ្ធភាពចូលរួម និងរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចំទីផ្សារគោលដៅ។

គួររំលឹកដែរថា ក្រុមហ៊ុន Compass Advertising Co., Ltd. បានធ្លាប់ចូលរួមរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិជាច្រើននៅកម្ពុជា រួមមានការអញ្ជើញតារាប្រដាល់ពិភពលោក Manny Pacquiao ព្រឹត្តិការណ៍ Gumball 3000 និងមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវជនអន្តរជាតិ (JCI) ជាដើម។
ដោយ៖ ស្រីពេជ្រ





