រត់ដើម្បីក្តីស្រឡាញ់ ដើមី្បទេសចរណ៍ និងដើមី្បសប្បុរសធម៌
AKP សៀមរាប ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- នៅថ្ងៃ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្ពស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាថ្ងៃបុណ្យនៃក្តីស្រលាញ់ផងដែរនោះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុន Ganzberg និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំព្រឹត្តិការណ៍ GANZBERG Run for Unity ក្រោមប្រធានបទ "រត់ដើម្បីក្តីស្រឡាញ់ ដើមី្បទេសចរណ៍ និងដើមី្បសប្បុរសធម៌" ដែលពិធីនេះបានធ្វើនៅសួនច្បារព្រះរាជដំណាក់ ដែលមានការចូលរួមចំនួន ៣.៧០០នាក់។

បញ្ជាក់ពីគោលបំណងនៃការរត់ប្រណាំងនេះ លោកតំណាងក្រុមហ៊ុន Ganzberg បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងគឺដើម្បីទ្រទ្រង់ដល់បងប្អូនភៀសសឹកដោយសង្គ្រាមឈ្លានពានពីប្រទេសថៃ និង ឧបត្ថម្ភជូនដល់វីរៈកងទ័ព និងគ្រួសារកងទ័ព ព្រមទាំងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ផងដែរ។
រីឯលោកអភិបាលរងខេត្ត ឌី រ៉ាដូ បានថ្លែងថា ព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ ដើមី្បទេសចរណ៍ និងដើមី្បសប្បុរសធម៌នេះ ជាលទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែងរបស់យើងម្នាក់ៗក្នុងថ្ងៃនេះ ដែលនឹងត្រូវប្រែក្លាយទៅជាមូលនិធិសប្បុរសធម៌ ដើម្បីជួយសម្រាលទុក្ខលំបាកដល់បងប្អូនដែលខ្វះខាតនៅក្នុងសហគមន៍ ដែលជាស្មារតី "ខ្មែរជួយខ្មែរ" ដែលយើងតែងតែប្រកាន់ខ្ជាប់ជានិច្ច។

លោកអភិបាលរងខេត្តក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍រត់ចម្ងាយថ្ងៃនេះ ជាការបញ្ជាក់នូវថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ ជាការជួបជុំគ្នារត់ដើមី្បក្ដីស្រឡាញ់។ ប៉ុន្តែការរត់ចម្ងាយថ្ងៃនេះ គឺដើម្បីសេចក្ដីស្រឡាញ់ប្រជាជាតិ គ្រួសារ មិត្តភក្តិគ្រប់វ័យទាំងអស់ ដោយមិនមានប្រកាន់កត្តាណាមួយឡើយ។
លោក ឌី រ៉ាដូ បានបន្តទៀតថា ព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ ដើមី្បទេសចរណ៍ និងដើមី្បសប្បុរសធម៌នេះដែរ ក៏ដើម្បីប្ដូរឥរិយាបទយុវវ័យក្នុងថ្ងៃ១៤ កុម្ភៈ ទៅជាសក្ខីភាពនៃសេចក្ដីស្រឡាញ់មិត្តភាព ដើម្បីរួមគ្នាជាកម្លាំងដ៏មុតស្រួចកសាងការពារជាតិ អភិវឌ្ឍន៍សង្គមឈានទៅរកការកសាងសង្គមមួយប្រកបដោយសុខដុមរមនា។

លោក ឌី រ៉ាដូ បានអំពាវនាវឱ្យយុវវ័យគ្រប់រូបចូលរួមលេងកីឡាឱ្យបានច្រើន ដើម្បីពង្រឹងស្មារតីសិក្សា សុខភាព ជម្នះឧបសគ្គនានាក្នុងជីវិត បង្កើតភាពរឹងមាំខ្លួនឯង ជឿជាក់លើខ្លួនឯង។ ហើយក្នុងព្រឹត្តិការណ៍រត់ដើមី្បក្តីស្រឡាញ់នេះ កីឡាករ-កីឡាការិនី ដែលបានបង់ថវិកាចូលរួមមានចំនួន ២០លានរៀល និងអង្ករ ៣តោន ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើមី្បឧបត្តម្ភទ្រទ្រង់ដល់វីរៈកងទ័ព គ្រួសារកងទ័ព និងគ្រួសារភៀសសឹក៕
ដោយ ហង្ស សៀក





