ពានសម្តេចតេជោថ្នាក់ជាតិ រកឃើញ៥ក្រុមបង្គ្រប់បេក្ខភាព១/៤ផ្តាច់ព្រ័ត្រ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦--ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិបានរកឃើញបេក្ខភាពជ័យលាភី៥ក្រុមបន្ថែម ដើម្បីបង្គ្រប់បេក្ខភាព៨ក្រុមឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំង៥បានយកឈ្នះគូប្រជែងរៀងៗខ្លួន នៅជើងទី២ កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

៥ក្រុមឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រ រួមមាន៖ ក្រុមព្រះខ័នរាជស្វាយរៀង គិរីវង់សុខសែនជ័យ អាយអេសអាយដង្កោសែនជ័យ ក្រុមទ័ព និងណាហ្គាវើលដ៍។ ចំពោះលទ្ធផលប្រកួតសរុបទាំងពីរជើង រួមមាន៖ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមបាត់ដំបងយូណាយធីត ១២-១ សរុបទាំង២ជើង ១៧-៣, គិរីវង់សុខសែនជ័យ ឈ្នះ អង្គរថាយហ្គឺរ សរុបទាំង២ជើង ៤-៣ (ជើងទី២ ២-៣), អាយអេសអាយដង្កោសែនជ័យ ឈ្នះ អឹម អូ អាយ កំពង់ដេវ៉ា ៣-២ (ជើងទី២ ០-០), ក្រុមទ័ព ឈ្នះ មន្ទីរអប់រំខេត្តកំពង់ចាម ២-១ សរុបទាំង២ជើង ៦-១ ខណៈណាហ្គាវើលដ៍ ឈ្នះ ឡាយហ្វខេត្តព្រះសីហនុ ៥-១ សរុបទាំង២ជើង ៥-២។

ដោយឡែកសម្រាប់បេក្ខភាព ៣ក្រុម ដែលកំពុងឈររង់ចាំនៅវគ្គ ៨ក្រុមចុងក្រោយ រួមមានក្រុមការពារតំនែងជើងឯកភ្នំពេញក្រោន វិសាខា និងក្រុមបឹងកេត ដែលបានយកឈ្នះក្រុមថ្នាក់ខេត្តរៀងៗខ្លួន កាលពីថ្មីៗ។

តាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិ-CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា វគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិ ជើងទី១ គ្រោងនឹងធ្វើឡើង នាថ្ងៃទី២៥កុម្ភៈ ២ប្រកួត និងថ្ងៃទី៤មីនា ៤ប្រកួត ខណៈជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃ១១ខែមីនា ២ប្រកួត និង១៨ខែមីនា ២ប្រកួត។ ការប្រកួតជម្រុះវគ្គ៨ក្រុមនេះធ្វើឡើងចំនួន២ជើង ដើម្បីស្វែងរកក្រុមឈ្នះៗ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាខែមេសាខាងមុខ ដោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ប្រកួតចំនួន២ជើងដូចគ្នាផងដែរ។ ចំពោះវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ជាមួយពិធីប្រគល់ពានបិទកម្មវិធីតែម្តង៕

ដោយ ហេង ណាលីន (រូបភាព៖ CNCC)





