ខេត្តកំពង់ឆ្នាំងបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
AKP កំពង់ឆ្នាំង ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦-- លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥ - ២០២៦ ដែលប្រព្រឹត្តទៅនៅទីលានកីឡាខេត្តកំពង់ឆ្នាំង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរទាំង៨ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការប្រកួតកីឡាជ្រើស រើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥-២០២៦ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ ដែលមានសិស្សមកពីសាលា បឋមសិក្សា និងមធ្យមសិក្សាមកពីក្រុង ស្រុក ទូទាំងខេត្ត បានចូលរួមប្រកួតលើវិញ្ញាសាចំនួន០៣ ក្នុងនោះមាន វិញ្ញាសាបាល់ទាត់ បាល់ទះ និងអត្តពលកម្ម។

ជាមួយគ្នានេះដែរ លោកអភិបាលរងបានការកោតសរសើរចំពោះមន្ត្រីអប់រំក្រុង ស្រុក និងប្រតិភូដឹកនាំកីឡាបានខិតខំបង្វឹក និងរៀបចំក្រុមកីឡា ចូលរួមប្រកួតបង្កលក្ខណៈ និងបង្កើតព្រឹត្តការណ៍ទៅដោយរលូនដោយទទួលខុសត្រូវ។ ព្រឹត្តការណ៍ក្នុងការប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវ និងទទួលយកលទ្ធផលចាញ់-ឈ្នះជាសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ អ្នកទទួលបានជោគជ័យគឺកើតចេញពីការផ្តល់នូវកិច្ចសហការល្អបច្ចេកទេសនិងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តធ្វើឱ្យដំណើការប្រកួតកាន់តែសុក្រឹត និងទទួលបាននូវលទ្ធផលវិជ្ជមាន។

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ទៀតថា កីឡាករ កីឡាការនី គឺជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នា។ វេទិកាកីឡាគឺជាការលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់អោយកីឡាករ និងគូរប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ និងល្បិចកលរបស់ខ្លួន ដើម្បីទទួលជ័យជំនះដោយកិត្តិយស។ ទន្ទឹមនេះ វិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។

ថ្លែងក្នុងបរិបទនេះ លោកអភិបាលរងខេត្តបានជំរុញក្នុងស្រទាប់ប្រជាជន និងយុវវ័យរបស់យើងនៅតាមសាលារៀន និងតាមសហគមន៍ពង្រឹងសកម្មភាពកីឡាឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការបំផុសចលនាអប់រំកាយ និងផ្តល់នូវ កាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំ ទៅលើផ្លូវចិត្ត និងសីលធម៌តែធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម ចេះយោគយល់គ្នា និងប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ សុចរិតភាព ឆ្លើយតបតាមបរិបទ នៃការរីកចម្រើនរបស់សង្គមជាតិ៕
ដោយ បៃ ស៊ីថុន





