ឯកឧត្តម ជា វ៉ាន់ដេត ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអង្គការ DDD
AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា Digital Divide Data (DDD)” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Jeremy Hockenstein ប្រធានក្រុមប្រឹក្សាភិបាល លោក Sameer Raina នាយកប្រតិបត្តិ នៃអង្គការ DDD ថ្នាក់ដឹកនាំ ក.ប.ទ. ភ្ញៀវជាតិ អន្តរជាតិ បុគ្គលិក និងអតីតបុគ្គលិក នៃអង្គការ DDD សរុបប្រមាណ ១២០០ នាក់ នៅអគារសាលកោះពេជ្រ។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ DDD ក្នុងបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ជាពិសេសផ្នែកទិន្នន័យដែលគិតមកដល់ពេលនេះ បុគ្គលិក និងអតីតបុគ្គលិករបស់អង្គការ DDD ចូលរួមយ៉ាងសកម្មក្នុងទីផ្សារការងារលើជំនាញនេះ ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលដែលមាន ក.ប.ទ. ជាសេនាធិការ តែងតែផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលនិងការកសាងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាល បានធ្វើជាគំរូក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងប្រតិបត្តិការផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋនិងវិស័យឯកជន។ លើសពីនេះ រាជរដ្ឋាភិបាល បានផ្តោតលើអាទិភាពចម្បងចំនួន ៣៖ ទី១. ការអភិវឌ្ឍ និងការប្រើប្រាស់ថ្នាលរដ្ឋាភិបាលឌីជីថល ទី២. ការរៀបចំច្បាប់ និងគោលនយោបាយ និងទី៣. ការអភិវឌ្ឍមូលធនមនុស្សឌីជីថលនិងការលើកស្ទួយអក្ខរកម្មឌីជីថល។


ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អង្គការ DDD បន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធានធានមនុស្សលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកដល់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាប្រកបដោយភាពរស់រវើក៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





