កិច្ចប្រជុំស្តីពីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ
AKP កណ្ដាល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦-- ថ្លែងក្នុងកិច្ចប្រជុំស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានស្នើដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ ឃុំ បើអាចមានលទ្ធភាពសូមចេញលិខិតអញ្ជើញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពជាដើម អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់បានស្របតាមច្បាប់ ពិសេសប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ អាជ្ញាធរត្រូវស្រង់ទិន្ន័យអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានច្បាស់លាស់បញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីងាយស្រួលគ្រប់គ្រង។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងទៀតថា អាជ្ញាធរក្រុង ស្រុក ស្នងការ អធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ ឃុំ ត្រូវធ្វើរបាយការណ៍ និងផែនការលម្អិត ដើម្បីឱ្យដឹងថាមូលដ្ឋានខ្លួនបានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋ បានតាមផែនការប៉ុន្មាន និងមិនទាន់តាមផែនការប៉ុន្មាន រយៈពេល៣ខែក្រោយ នឹងមានកិច្ចប្រជុំត្រួតពិនិត្យល្បឿននៃការជំរុញធ្វើនេះ ដើម្បីកំណត់ចំណុចខ្វះខាត បញ្ហាប្រឈម យកមកនិយាយគ្នាដើម្បីរកដំណោះស្រាយ។

ឯកឧត្តមបានជំរុញដល់ប៉ុស្តិ៍នគរបាលត្រូវបែងចែកមន្ត្រីដែលមានជំនាញទៅប្រចាំការធ្វើនៅសាលាឃុំ សង្កាត់ ព្រោះសាលាឃុំសង្កាត់ឥឡូវយើងមានយន្តការច្រកចេញចូលតែមួយ បើឃុំណាមានតម្រូវការច្រើន ស្នងការដ្ឋានត្រូវរៀបចំរថយន្តចល័តចុះទៅតាមសាលារៀន វិទ្យាល័យ និងរោងចក្រ។ សិស្សដែលមានអាយុចាប់ពី១៥ឆ្នាំ ឬថ្នាក់ទី៩ ឡើង គឺជាគោលដៅដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណជូនពួកគាត់ ត្រូវពិនិត្យតួលេខតាមឃុំ-សង្កាត់ឱ្យច្បាស់ ហើយបញ្ជូនម៉ាស៊ីនទៅតាមកម្រិតតម្រូវការ នៃឃុំ សង្កាត់នីមួយៗ ទើបការងារនេះដើរលឿន។

ឯកឧត្តម គឹម វឌ្ឍនសោភ័ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការផ្តល់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពិសេសគឺគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៥ឆ្នាំ និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ព្រមទាំងពលរដ្ឋខ្មែរដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បាត់បង់ ខូច ជិតអស់សុពលភាព សំដៅត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតសម្រាប់ឆ្នាំ ២០២៧ និង២០២៨។ ដោយផ្អែកលើស្ថានភាពនៃការវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ របស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសថៃ ក្រសួងមហាផ្ទៃមានការចាំបាច់ដាក់ចេញជាបន្ទាន់នូវសេចក្តីណែនាំលេខនានា ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ ក្នុងនោះ ក្រសួងមហាផ្ទៃ បានកំណត់អំពី ទី១. ក្រុមការងារកំណត់អត្តសញ្ញាណភូមិ សង្កាត់ ដែលក្រុមការងារនេះជាតួអង្គសំខាន់បំផុត និងមានការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់ឯកសារអត្តសញ្ញាណកម្មទាំង៣ ប្រភេទជូនប្រជាពលរដ្ឋ រួមមាន សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ទី២. នីតិវិធីនៃការចុះសំបុត្រកំណើត និងការផ្តល់សំបុត្រកំណើត ការចុះបញ្ជីស្នាក់នៅ និងការផ្តល់សៀវភៅស្នាក់នៅ ព្រមទាំងការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ឬពុំមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ទី៣ យន្តការគាំទ្រ ត្រួតពិនិត្យលើការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលមានចាប់ពីថ្នាក់ភូមិ សង្កាត់ រហូតដល់ថ្នាក់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តមអគ្គនាយករងក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរមូលដ្ឋាន រាល់ការការចេញសំបុត្រកំណើត ការធ្វើសំបុត្រកំណើត សូមឱ្យច្បាស់លាស់បន្តិច ជាពិសេសស្មៀនឃុំ សង្កាត់ ដែលអ្នកបំពេញឯកសារឱ្យមេឃុំ ចៅសង្កាត់នោះ ត្រូវតែប្រុងប្រយ័ត្ន ដាច់ខាតត្រូវតែដឹងអំពីសាវតារអ្នកនោះឱ្យច្បាស់លាស់ ជៀសវាងមានបញ្ហាដល់ខ្លួនឯងដែលប្រឈមមុខនិងការជាប់ទោស បញ្ហាមួយទៀត ចំពោះការចុះបញ្ជីអត្រានុកូលដ្ឋាន ត្រូវតែអនុវត្តឱ្យស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ហើយត្រូវអនុវត្តឱ្យស្របជាមួយសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





