ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ រកបាន៣ពិន្ទុខណៈវិសាខា និងណាហ្គាវើលដ៍ចែកម្នាក់១ពិន្ទុ លីគកំពូលកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦--ការប្រកួតបាល់ទាត់ក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ឬលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ បានបញ្ចប់សប្តាហ៍ទី១៨ ខណៈ៣ប្រកួត កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ គឺភ្នំពេញក្រោន និងអង្គរថាយហ្គឺរប្រជែងបាន៣ពិន្ទុដូចគ្នាលើគូប្រកួតរៀងៗខ្លួន ខណៈម្ចាស់ផ្ទះ វិសាខា និងក្រុមភ្ញៀវ ណាហ្គាវើលចែកគ្នាម្នាក់១ពិន្ទុ ក្រោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១ទល់១។

នៅក្នុងការប្រកួតដ៏ជក់ចិត្តនេះ ម្ចាស់ផ្ទះ ភ្នំពេញក្រោនបានយកឈ្នះ គិរីវង់សុខសែនជ័យ ៣-១ ស្របពេល ម្ចាស់ផ្ទះ បឹងកេត បានចាញ់ អង្គរថាយហ្គឺរ ០-១ ខណៈវិសាខាស្មើគ្នា ១ទល់១ជាមួយ ណាហ្គាវើលដ៍។ ឆ្លងកាត់ការប្រកួប្រជែង១៨សប្តាហ៍ ៥ក្រុមខាងលើតារាងពិន្ទុ រួមមាន៖ ព្រះខ័នរាជស្វាយរៀង ឈរលើកំពូលតារាងជាមួយ ៣៩ពិន្ទុ ក្រោយឆ្លងកាត់១៦ប្រកួត ឈ្នះ១៣ និងចាញ់៣, ភ្នំពេញក្រោន ឈរលេខ២ មាន៣៧ពិន្ទុ ក្រោយឆ្លងកាត់១៦ប្រកួត ឈ្នះ១១ ស្មើ៤ និងចាញ់១, ណាហ្គាវើលដ៍ ឈរលេខ៣ មាន២៩ពិន្ទុ ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ៨ ស្មើ៥ និងចាញ់៤ ខណៈបឹងកេត ឈរលេខ៤ មាន២៨ពិន្ទុ បន្ទាប់ពី១៧ប្រកួត ឈ្នះ៨ ស្មើ៤ និងចាញ់៥។ រីឯអង្គរថាយហ្គឺរ ឈរលេខ៥ មាន២៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៦ប្រកួត ឈ្នះ៨ ស្មើ៣ និងចាញ់៥ប្រកួត៕


ដោយ ហេង ណាលីន (រូបភាព៖ CPL)





