ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកជាការបំផុសស្មារតីកុមារឱ្យចូលរួមក្នុងវិស័យកីឡា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦--ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកគ្រោងនឹងរៀបចំជាលើកដំបូង នៅផ្សារទំនើបអ៊ីអនមានជ័យ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានកុមារចុះឈ្មោះចូលរួមប្រកួតចំនួន ៣៣០នាក់ ដោយការប្រកួតនេះជាការបើកទំព័រកីឡាថ្មី ក្នុងការផ្តល់ឱកាស និងបំផុសស្មារតីកុមារឱ្យចូលរួមលេងកីឡា។

នេះជាគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធាន NOCC នៅក្នុងសន្និសីទសារព័ត៌មាន នៅចុងសប្តាហ៍នេះ នៅផ្សារទំទើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ការប្រកួតនេះបានផ្តល់ឱកាសសម្រាប់កុមារចូលរួមពីអាយុ១ដល់៧ឆ្នាំ ដែលកុមារម្នាក់អាចចុះឈ្មោះចូលរួមប្រកួតបាន៣ប្រភេទកីឡា ក្នុងចំណោម១០វិញ្ញាសា។ ការប្រកួតកីឡាកុមារអូឡាំពិកនេះត្រវបានរៀបចំឡើង ដើម្បីបណ្តុះស្មារតីកីឡាដល់កុមារតូចៗ ក៏ដូចជាការជំរុញឧបនិស្ស័យកីឡាឱ្យកុមារមានចំណាប់អារម្មណ៍ស្រឡាញ់ និងចាប់យកកីឡាណាមួយ ដើម្បីក្លាយខ្លួនជាកីឡាសក្តានុពល នាពេលអនាគ។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះ ផ្តើមចេញពីស្មារតី និងឧត្តមគតិកីឡាអូឡាំពិក ដែលមានតម្លៃលើពិភពលោក ក្នុងការផ្តល់ឱកាសសម្រាប់កុមារតូចៗជួបជុំគ្នា ក៏ដូចជាការរៀបចំចលនាកីឡាអូឡាំពិកមួយដោយផ្តើមចេញពីកុមារទូទៅ។ ឯកឧត្តមបានរំលេចទៀតថា ការប្រកួតនេះជាសកម្មភាពចូលរួមចំណែកក្នុងការជំរុញឱ្យកុមារទំាងអស់ជួបជុំគ្នា និងលេងកីឡាដើម្បីពង្រឹងសមត្ថភាព និងស្មារតីក្នុងវិស័យកីឡារបស់កុមារ។ ការប្រកួតនេះក៏មិនមែនជាការប្រកួតដើម្បីទទួលភាពជោគជ័យទាំងស្រុងនោះទេ ពោលការប្រកួតគឺជាបង្ហាញអំពីសមត្ថភាពកូនតែប៉ុណ្ណោះ។

អគ្គលេខាធិការ NOCC បានបន្ថែមទៀតថា តាមរយៈការបង្ហាញសមត្ថភាពនេះ អាណាព្យាបាលអាចមើលឃើញពីកូនៗអាចធ្វើអ្វីបាន អាចលេងអ្វីបាន ហើយក៏ជាពេលវេលាមួយដែលអាណាព្យាបាលទំាងអស់ដឹងថា កូនៗរបស់ខ្លួនអាចចូលរួមជាមួយកុមារផ្សេងៗបានក្នុងការលេងកីឡា។

បញ្ជាក់បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងទៀតថា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ ដែលសហរដ្ឋអាមេរិកទទួលធ្វើជាម្ចាស់ផ្ទះ អត្តពលិកដែលឈ្នះមេដាយមាសពីព្រឹត្តិការណ៍ដ៏ធំនេះ គេក៏ស្រាវជ្រាវព័ត៌មានបន្ថែមថាតើអ្នកឈ្នះមេដាយមាសទាំងនោះធ្លាប់ឈ្នះមេដាយមានប៉ុន្មានលើក ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកុមារផងដែរ៕
ដោយ ហេង ណាលីន





