ក្រសួងធនធានទឹក៖អាកាសធាតុនៅតំបន់ខ្ពង់រាបបន្តចុះត្រជាក់ដល់១៧ អង្សាសេ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦--ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាអាកាសធាតុបន្តចុះត្រជាក់ដល់១៧អង្សាសេនៅតំបន់ខ្ពង់រាប។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកបានឲ្យដឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ថារបបខ្យល់មូសុងឦសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
ចំណែកនៅតំបន់ខ្ពង់រាបមាន សីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៤ម៉ែត្រវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។
ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

ដោយ៖ ប៊ុនរិទ្ធ





