ក្រសួងព័ត៌មានលើកកម្ពស់សន្តិសុខព័ត៌មាន តាមរយៈការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦
ក្នុងគោលបំណងចូលរួមចំណែកធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងព័ត៌មានបានយកចិត្តទុកដាក់លើការទទួលព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន តាមរយៈការជំរុញ និងលើកកម្ពស់ការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងការតម្រង់ទិសជាយុទ្ធសាស្ត្រលើការអនុវត្តការងាររបស់ក្រុមការងារ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានរាជធានី-ខេត្ត។ នេះបើយោងតាមរបាយការណ៍សង្ខេបសម្រាប់សន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ ដែលអាន ដោយលោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

លោកំទាវ ជា ស៊ុនដាណែត បានលើកឡើងថា ក្នុងន័យនេះ ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីត្រួតពិនិត្យការផ្សាយ និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនៅព្រះរាជាណាចក្រកម្ពុជា និងដាក់ចេញនូវវិធានការតាមផ្លូវច្បាប់ប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាចបង្កមហន្តរាយដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ ក្រសួងព័ត៌មានក៏មានគណៈកម្មការដឹកនាំប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីត្រួតពិនិត្យ តាមដាន និងដឹកនាំការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិត គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដើម្បីតាមដាន ពិនិត្យ កែលម្អ លើកសំណើអំពីវិធានការ វិនិច្ឆ័យ វាយតម្លៃ និងលើកសរសើរចំពោះការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន គណៈកម្មការដឹកនាំ និងតម្រង់ទិសការអនុវត្តភារកិច្ចរបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីដឹកនាំ និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រុមការងារចំពោះកិច្ចគ្រប់គ្រង និងតាមដានព័ត៌មាន ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យព័ត៌មានដែលបានចែករំលែក និងចែកចាយតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗ ដែលមានចរិតញុះញង់គ្មានប្រភព និងគ្មានវិជ្ជាជីវៈ ដែលបង្កផលប៉ះពាល់ អវិជ្ជមានដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ដែលអាចឈានដល់វិបត្តិសង្គមផ្សេងៗ ខណៈក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបានបង្កើតឡើងដើម្បីគាំទ្រការងារទំនាក់ទំនងសាធារណៈដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញចំណុះឱ្យរដ្ឋបាលរាជធានី-ខេត្ត។

សូមជម្រាបថា ថ្មីៗនេះក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងអំឡុងនៃជម្លោះព្រំដែនកម្ពុជា និងថៃ នៃក្រសួងព័ត៌មានត្រូវបានបង្កើតឡើងដើម្បីដឹកនាំ និងគ្រប់គ្រងសមរភូមិព័ត៌មាន និងសាធារណមតិក្នុងអំឡុងនៃជម្លោះព្រំដែនកម្ពុជា និងថៃដោយសម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធលើការគ្រប់គ្រងខ្លឹមសារ និងស្ថានភាពនៃបណ្តាញព័ត៌មានជាតិ និងអន្តរជាតិ និងជំរុញការតាមដាន និងចាត់វិធានការចំពោះព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា និងថៃ ដែលមិនត្រឹមត្រូវ និងព័ត៌មានក្លែងក្លាយចំពោះគោលនយោបាយ និងទំនាក់ទំនងសាធារណៈរបស់កម្ពុជា៕
ដោយ៖ ចាន់ សុភឿន





